(ការ៉ាកាស់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វេណេស៊ុយអេឡាបានរាយការណ៍ថា សមាជិកនៃគណៈកម្មការពិសេសមួយ ដែលបង្កើតឡើងដោយមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានជួបប្រជុំជាមួយក្រុមអ្នកតំណាងរដ្ឋាភិបាលចិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានវេណេស៊ុយអេឡា Nacional បានឲ្យដឹងថា កិច្ចប្រជុំមួយចំនួនត្រូវបានធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលរបស់លោក ខាឡូស វេកជីអូ (Carlos Vecchio) ដែលជាបេសកជនរបស់លោក Guaido នៅសហរដ្ឋអាមេរិក ហើយក្រុមបក្សប្រឆាំងវេណេស៊ុយអេឡាសង្ឃឹមថា នឹងអាចបន្តទាក់ទងជាមួយចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមមានការវិនិយោគរបស់ចិននៅក្នុងវិស័យឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាជាដើម ប៉ុន្តែពុំមានការផ្សាភ្ជាប់ណាមួយចំពោះរឿងនយោបាយ និងភាពចលាចលនៅវេណេស៊ុយអេឡានោះឡើយ។
គួរជម្រាបថា ស្ថានការណ៍នៅក្នុងប្រទេសវេណេស៊ុយអេឡាបានជួបភាពតានតឹងខ្លាំង កាលពីខែមករា នៅពេលដែលលោក Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ដើម្បីប្រឆាំងនឹងការបន្តកាន់អំណាចរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលបានជាប់ឆ្នោតដោយស្របច្បាប់។
ស្ទើរតែភ្លាមៗក្រោយការប្រកាសរបស់ លោក Guaido សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខទទួលស្គាល់ ខណៈចិន រុស្ស៊ី និងប្រទេសមួយចំនួនទៀត បានផ្តល់សំឡេងគាំទ្រចំពោះលោក ម៉ាឌូរ៉ូ ថាជាមេដឹកនាំស្របច្បាប់ និងត្រូវបានបោះឆ្នោតជ្រើសរើសត្រឹមត្រូវជាមេដឹកនាំនៃប្រទេសវេណេស៊ុយអេឡា៕