(ម៉ូស្គូ)៖ ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ី នឹងចាប់ផ្តើមធ្វើការទៅលើការបង្កើតសព្វាវុធ និងប្រព័ន្ធយោធាដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឲ្យយោធារុស្ស៊ីកាន់តែមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀតទៅថ្ងៃអនាគត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក យូរូ បូរីសូវ (Yury Borisov) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមការិយាល័យរបស់ លោក Borisov ដែលមានតួនាទីគ្រប់គ្រងលើឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ស្ថាប័នខាងលើនឹងផ្តោតសំខាន់ចំពោះការបង្កើតយានអវកាសខ្នាតតូច, អាវុធដែលផ្អែកលើគោលការណ៍រូបវន្តថ្មីៗ, ប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់យោធាដែលផ្អែកលើបច្ចេកវិទ្យា GIS (Geographic Information System), ប្រព័ន្ធសម្រាប់ចាប់សញ្ញាវត្ថុនៅខាងក្រោមផ្ទៃទឹក, និងការអភិវឌ្ឍបច្ចេកវិទ្យា AI (Artificial Intelligence) ជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការវាយតម្លៃខ្ពស់ ទៅលើស្ថាប័ននៃវិស័យការពារជាតិថ្មីហៅថា សម័យកាលធ្វើរបកគំហើញបច្ចេកវិទ្យាយោធា (Military Innovation Technopolis Era ឬ MITE) ដែលស្ថិតនៅទីក្រុង អាណាផា (Anapa) ហើយស្ថាប័ននេះត្រូវបានកំណត់ពេលវេលាថា នឹងចាប់ផ្តើមធ្វើការពេញសមត្ថភាពទាំងស្រុងនៅចុងឆ្នាំ២០១៩។ លោក ពូទីន ក៏បានបង្គាប់ឲ្យក្រុមហ៊ុនឧស្សាហកម្មយោធានានា បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នថ្មីនេះផងដែរ៕