(វ៉ាស៊ីនតោន)៖ ក្រុមរដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតមន្ត្រីកងទ័ពអាកាសអាមេរិកម្នាក់ ពីបទស៊ើបការណ៍សំងាត់ឱ្យអ៊ីរ៉ង់ តាមរយៈការលួចយកព័ត៌មានជាច្រើនពីមិត្តរួមការងាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រី Monica Witt ដែលត្រូវបានចោទប្រកាន់ថាបានចុះចូលជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៣ ក៏ធ្លាប់បម្រើការងារជាមន្ត្រីប្រឆាំង ការស៊ើបការណ៍សំងាត់របស់សហរដ្ឋអាមេរិកផងដែរ ហើយបើតាម FBI លោកស្រី Witt ត្រូវបានគេឃើញជាលើកចុងក្រោយនៅឯ តំបន់អាស៊ីភាគអាគ្នេយ៍កាលពីខែកក្កដា ឆ្នាំដដែល។ ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរអាមេរិកមិនទាន់កំណត់ទីតាំងស្ថិតនៅរបស់ អតីតមន្ត្រីកងទ័ពអាកាសអាមេរិករូបនេះនោះទេ ខណៈតុលាការអាមេរិកបានចេញដីកាចាប់ខ្លួនហើយ។

គួរបញ្ជាក់ថា លោកស្រី Monica Witt បានបម្រើការងារជាមន្ត្រីកងទ័ពអាកាសអាមេរិកពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨។ ដោយឡែក ជុំវិញសំណុំរឿងនេះដែរ ជនជាតិអ៊ីរ៉ង់៤នាក់ផ្សេងទៀតត្រូវអាជ្ញាធរអាមេរិក ចោទប្រកាន់ពីបទដំឡើងឧបករណ៍ស៊ើបការណ៍សំងាត់ ​លើកុំព្យូទ័រដែលជាកម្មសិទ្ធិរបស់លោកស្រី Witt៕