(ឡាហាវ៉ាន់)៖ រដ្ឋាភិបាលគុយបាបានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសវេណស៊ុយអេឡា ក្រោមលេសមនុស្សធម៌ និងបានអំពាវនាវឱ្យអន្តរជាតិរួមដៃគ្នា ដើម្បីបញ្ជៀសសេណារីយ៉ូនេះកុំឱ្យកើតឡើង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់រដ្ឋាភិបាលគុយបា ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានបំណងប្រើលេសមនុស្សធម៌ ដើម្បីធ្វើអន្តរាគម៍យោធាឈ្លានពានវេណេស៊ុយអេឡា... ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏បានដាក់សម្ពាធលើបណ្ដារដ្ឋាភិបាលដទៃ ដើម្បីគាំទ្រឱ្យមានការបោះឆ្នោតជាថ្មីនៅវេណេស៊ុយអេឡា និងទទួលស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្ដីទី»។
គួរបញ្ជាក់ថា ការព្រមានពីលទ្ធភាពធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា យន្ដហោះយោធាអាមេរិកបានដឹកជញ្ជូនកងទ័ពនៅចន្លោះពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ មកពីមូលដ្ឋានទ័ពនៅឯដែនដី ភឺតូរីកូ (Puerto Rico), សាធារណរដ្ឋដូមីនិច និងប្រទេសក្នុងតំបន់ ការីបៀន (Caribbean) មួយចំនួនទៀតដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលនៅក្នុងតំបន់។
លើសពីនេះទៅទៀត នៅក្នុងចំណោមកងទ័ពទាំងនេះ ក៏មានផងដែរនូវកងកុម្ម៉ង់ដូពិសេសអាមេរិក Special Forces និង Navy SEALs ដែលជំនាញខាងធ្វើប្រតិបត្តិការប្រឆាំងនឹងមេដឹកនាំនៃប្រជាជាតិដទៃ។ នេះមិនមែនជារឿងថ្មីនោះឡើយ នៃការព្រមានអំពីអន្តរាគមន៍យោធាដោយអាមេរិក ដែលអាចកើតមានលើវេណេស៊ុយអេឡាប៉ុន្តែលើកឡើងរបស់គុយបាពេលនេះ គឺអមទៅដោយភស្តុតាងថ្មីៗមួយចំនួនទៀត៕