(វ៉ាស៊ីនតោន)៖ នៅពេលមេដឹកនាំយោធាមកសហរដ្ឋអាមេរិក កូរ៉េខាងជើង និងចិនបានចុះហត្ថលេខាលើបទឈប់បាញ់គ្នានៅឆ្នាំ១៩៥៣ បន្ទាប់ពីមានជម្លោះបង្ហូរឈាមអស់រយៈពេល០៣ឆ្នាំនោះ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក ភាគីហត្ថលេខីបានយល់ព្រមឈានដល់ «ការដោះស្រាយដោយសន្តិវិធី»។ យ៉ាងនេះក្តី ដំណោះស្រាយដោយសន្តិវិធី (សន្ធិសញ្ញាសន្តិភាព) នៅតែមិនបានកើតឡើងឡើយ ហើយសង្គ្រាមកូរ៉េមិនដែលបានបញ្ចប់ជាផ្លូវការនោះទេ រហូតមកដល់សព្វថ្ងៃ។
ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្តូរ បន្ទាប់ពីមានការរំពឹងទុកខ្ពស់ថា លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un យកឱកាសនៃកិច្ចប្រជុំលើកទី ២ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅចុងខែកុម្ភៈនេះ ដើម្បីប្រកាសបញ្ចប់ជម្លោះជាផ្លូវការ។
លោកស្រី Christine Ahn ស្ថាបនិកក្រុមសកម្មជនសន្តិភាពស្ត្រី ប្រចាំតំបន់គ្មានទ័ព បាននិយាយថា «យើងដឹងថាជាទូទៅសង្រ្គាមបានកំណត់រារាំងទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ដូច្នេះប្រសិនបើគ្មានដំណោះស្រាយច្បាស់លាស់ណាមួយ ឆ្លើយតបសង្គ្រាមនេះ នោះសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើង។ ការមិនស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម វានឹងបង្កើតភាពមិនប្រាកដប្រជាក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង»។
«លោកប្រធានាធិបតី Trump ត្រៀមរួចជាស្រេចដើម្បីបញ្ចប់សង្រ្គាមនេះ អាមេរិកនឹងមិនឈ្លានពានកូរ៉េខាងជើងទេ» នេះជាការអះអាងរបស់លោក Stephen Biegun បេសកជនពិសេសអាមេរិក ប្រចាំកូរ៉េខាងជើង។ លោក Stephen Biegun បាននិយាយថា «លោក Trump បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបញ្ចប់ការឈ្លានពាននៅឧបទ្វីបកូរ៉េ ដែលការប្តេជ្ញាចិត្តនេះមានភាពប្រាកដជាងប្រធានាធិបតី ធ្លាប់កាន់អំណាចមុនលោក»។
លោកបានបន្តទៀតថា «លោក Trump ត្រៀមរួចរាល់ដើម្បីបញ្ចប់សង្រ្គាមនេះ... វាបានដល់ទីបញ្ចប់ហើយ។ វាត្រូវបានដោះស្រាយ អាមេរិកនឹងមិនឈ្លានពានកូរ៉េខាងជើងទេ។ យើងមិនមានបំណងចង់ធ្វើការផ្តួលរំលំរបបនេះឡើយ »។ កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក Biegun បានជួបជាមួយមន្រ្តីកូរ៉េខាងត្បូងនៅសេអ៊ូល ដើម្បីពិភាក្សាលម្អិតអំពីជំនួបកំពូលនាពេលខាងមុខ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម។
ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសសិង្ហបុរី នារដូវក្តៅឆ្នាំ២០១៨កន្លងទៅនេះ លោក Kim បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយបានសន្យាថានឹងធ្វើដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ប៉ុន្តែដំណើរវិវឌ្ឍន៍ទៅមុខ បានផ្អាកបន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាមិនបានចាត់វិធានការសមស្រប (មិនទាន់ដកទណ្ឌកម្ម)។
មានការរំពឹងទុកថា បន្ទាប់ពីកិច្ចជំនួបលើកនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមទំនាក់ទំនងធម្មតាឡើងវិញ ដោយអាមេរិកបើកស្ថានទូត ឬការិយាល័យទំនាក់ទំនងក្នុងរដ្ឋធានីព្យុងយ៉ាង ឬព្យុងយ៉ាងបើកស្ថានទូតនៅអាមេរិកវិញដូចគ្នា។ សេចក្តីប្រកាសបញ្ចប់សង្គ្រាម អាចបញ្ចូលផងដែរនូវការបន្ធូរបន្ថយ ពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើង និងការបន្ធូរបន្ថយទៅលើការហាមឃាត់ការធ្វើដំណើររបស់ជនជាតិអាមេរិកលើទឹកដីកូរ៉េខាងជើងជាដើម។
ដោយឡែកមជ្ឈដ្ឋានខ្លះយល់ថា ការបញ្ចប់សង្គ្រាមមានន័យថា ជាការដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង ដែលនេះជាបំណងប្រាថ្នាដ៏យូរអង្វែងមកហើយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ប្រទេសចិនដែលជាអ្នកជួយឧបត្ថម្ភដ៏សំខាន់របស់កូរ៉េខាងជើង និងបានបង្ហាញនូវការគាំទ្ររបស់ខ្លួនម្តងហើយម្តងទៀត ចំពោះកិច្ចព្រមព្រៀងសន្តិភាព និងការដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងជើង។ ប្រទេសជប៉ុនដែលចាត់ទុកថា កូរ៉េខាងជើងជាការគំរាមកំហែងផ្នែកសន្តិសុខសំខាន់ ក៏ច្បាស់ជាបង្ហាញការស្វាគមន៍ចំពោះដំណើរវិវឌ្ឍន៍ជាវិជ្ជមាននេះដូចគ្នា។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កូរ៉េខាងជើងបានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការ និងបញ្ចប់ «គោលនយោបាយអរិភាព» ប្រឆាំងកូរ៉េខាងជើងដោយខ្លួនបានមើលថា វត្តមានរបស់សហរដ្ឋអាមេរិក ជាការគំរាមកំហែងសន្តិសុខ និងជាឆ្អឹងរារាំងដល់ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង។
លោក Trump ដែលបានផ្អាកការធ្វើសមយុទ្ធរួមគ្នាជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល ជាសម្បទានមួយទៅឱ្យកូរ៉េខាងជើង និងបានត្អូញត្អែរអំពីការចំណាយលើការដាក់ពង្រាយទ័ពនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន CBS ថា លោកគ្មានគម្រោងក្នុងការដកទ័ពចេញឡើយ។ សកម្មជនស្ត្រីប្រចាំតំបន់គ្មានទ័ពបានលើកឡើងថា «នៅទីបំផុតនៅពេលយើងអាចមើលឃើញពីចុងបញ្ចប់នៃសង្រ្គាម ហើយប្រសិនបើសន្តិភាពនឹងកើតមានឡើងនៅលើឧបទ្វីបកូរ៉េសំនួរសួរថា តើមានហេតុផលអ្វីដែលយោធាសហរដ្ឋអាមេរិកគួរបន្តវត្តមាន នៅលើដែនដីកូរ៉េខាងត្បូងទៀតនោះ»?
បើទោះបីរដ្ឋាភិបាលក្រុងសេអ៊ូល មិនមែនជាប្រទេសហត្ថលេខីនៃបទឈប់បាញ់ឆ្នាំ១៩៥៣ ប្រជាជនកូរ៉េខាងត្បូងប្រមាណ ០៨នាក់ក្នុងចំណោម ១០នាក់ គាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង នេះបើយោងទៅតាមការស្ទង់មតិមួយដោយក្រុមហ៊ុន Real Meter កាលពីឆ្នាំមុន។ ក៏ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងភាគច្រើនក៏គាំទ្រដល់ការបន្តវត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ពួកដដែល ដោយក្នុងនោះ ៩៦% បាននិយាយថា វាគឺជារឿង «ចាំបាច់»។
«ប្រជាជនកូរ៉េខាងត្បូងភាគច្រើនចង់បានសន្តិភាព ប៉ុន្តែការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មុនពេលកូរ៉េខាងជើងមិនទាន់អាចចាត់វិធានការជាក់ស្តែងណាមួយដើម្បីរំសាយនុយក្លេអ៊ែរ គឺជារឿងខុសឆ្គង។ ជាពិសេសប្រជាជនកូរ៉េខាងត្បូងគិតថា កូរ៉េខាងជើងនឹងមិនបោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងងាយនោះឡើយ។ ក្នុងស្ថានភាពនេះ ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមកូរ៉េ នឹងផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិ។
ទោះបីជាការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមកូរ៉េបានបញ្ចប់ជិត ៧០ឆ្នាំកន្លងទៅក្តីក៏សហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនមានទំនាក់ទំនងការទូតជាផ្លូវការទេ។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្មយ៉ាងគំហុក និងការហាមឃាត់ការធ្វើដំណើរទៅវិញទៅមក ហេតុនេះការផ្លាស់ប្តូរទំនិញ និងប្រជាជនរវាងប្រទេសទាំងពីរស្ទើរគ្មានទាល់តែសោះ។ ចាប់តាំងពីដើមទសវត្សរ៍១៩៩០ មកភាគីទាំងពីរមើលមុខគ្នាមិនចំ ដោយសារការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និង ជម្លោះប្រដាប់អាវុធ។ គួររំឮកថា ក្នុងអំឡុងពេលដំបូងនៃតំណែងប្រធានាធិបតី លោក Trump បានពិចារណាក្នុងការបាញ់ប្រហារកូរ៉េខាងជើង ដើម្បីទប់ស្កាត់ការអភិវឌ្ឍនុយក្លេអ៊ែរ។
មុនពេលកិច្ចប្រជុំជាលើកដំបូងជាមួយលោក Kim នោះ លោក Trump បានបញ្ជាក់ថា ការបញ្ចប់សង្គ្រាមកូរ៉េ គឺជាបញ្ហាសំខាន់មួយដែលនឹងត្រូវបានលើកមកពិភាក្សាក្នុងរបៀបវារៈនៃកិច្ចជំនួបលើកនេះ។ ចំណុចនេះបានផ្តល់ក្តីសង្ឃឹមច្រើនថា សង្គ្រាមនៅឧបទ្វីបកូរ៉េអាចនឹងឈានដល់ថ្ងៃបញ្ចប់ប្រសិនបើមេដឹកនាំអាមេរិករូបនេះ មិនប្រែសំដី ឬចិត្តភ្លាមៗ ដូចដែលលោកធ្លាប់ធ្វើកន្លងមកទេនោះ៕ ប្រែសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ South China Morning Post (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩)