(ទូលួស)៖ សម្រាប់អ្នកដំណើរនានា Airubs A380 ប្រៀបដីដូចជាឋានសួគ៌លើអាកាស ដែលផ្តល់ផាសុខភាពបំផុតដល់អ្នកដំណើរ បើធៀបនឹងយន្តហោះខ្នាធំ និងមធ្យមផ្សេងទៀត ប៉ុន្តែសម្រាប់ក្រុមហ៊ុនអឺរ៉ុបដែលផលិតយន្តហោះខ្នាតយក្សប្រភេទនេះវិញ វាហាក់ដូចជាគ្មានភាពចាំបាច់ និងពិបាករកអតិថិជនជាវយកទៅបម្រើសេវាហោះហើរបំផុត ដូច្នេះជម្រើសចុងក្រោយ គឺមានការបញ្ឈប់ផលិតកម្មយន្តហោះប្រភេទនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ Washington Post ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ថម អេនដឺស៍ (Tom Enders) នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Airbus នៅប្រទេសបារាំងបានបញ្ជាក់ដោយឥតលាក់លៀម និងក្នុងទឹកមុខស្រពាប់ស្រពោនថា «យន្តហោះ Airbus A380 គឺធំជ្រុលពេកនាំឲ្យពិបាកលក់។ វាគឺជាផលិតផលដែលមិនត្រឹមត្រូវ និងកើតឡើងខុសពេល...»។ សម្រាប់ A380 គឺអាចផ្ទុកមនុស្សបាន ៨០០នាក់ ដែលចំនួនពិតជាពិបាករកអតិថិជនមកជិះឲ្យពេញណាស់ ខណៈក្រុមហ៊ុនមួយចំនួនតូច ដែលបានទិញវាយកទៅបម្រើសេវាកម្ម ក៏បានពើបប្រទះបញ្ហានេះរួចទៅហើយ និងគ្រោងផ្អាកសេវាកម្មយន្តហោះនេះផងដែរ។
គួរបញ្ជាក់ថា យន្តហោះ Airbus A380 ត្រូវបានបញ្ចប់ការធ្វើតេស្តសាកល្បង ដោយក្រុមហ៊ុនកាលពី ១៤ឆ្នាំមុន ហើយបន្តបន្ទាប់មកវាត្រូវបានទទួលការបញ្ជាទិញ ពីក្រុមហ៊ុនល្បីៗល្បាញមួយចំនួនទូទាំងសកលលោក ដូចជាអាកាសចរណ៍អេមីរ៉ាត់ជាដើម ខណៈបើគិតទៅដល់ការបញ្ជាទិញចុងក្រោយរហូតដល់ឆ្នាំ២០២១នោះ យន្តហោះនេះត្រូវបានផលិតតែ ១៧គ្រឿងប៉ុណ្ណោះ ដែលនេះជាចំនួនតិចខ្លាំងបំផុតបើធៀបទៅនឹងម៉ូដែលផ្សេងទៀតរបស់ Airbus ឬក៏ក្រុមហ៊ុនជាដៃគូប្រយុទ្ធរបស់ខ្លួនដូចជា Boeing៕