(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានព្រមានបណ្ដាប្រទេស និងក្រុមហ៊ុនទាំងអស់នៅលពិភពលោកកុំឱ្យទិញប្រេងពីប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រជាជាតិអាមេរិកឡាទីនមួយនេះបង្ហាញពីបំណងលក់ប្រេងបន្ថែមឱ្យឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ការព្រមានរបស់លោក Bolton នៅលើសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Bolton បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជាតិ និងក្រុមហ៊ុនទាំងអស់នៅលើពិភពលោកដែលទិញប្រេង ឬធនធានធម្មជាតិដែល (លោក) ម៉ាឌូរ៉ូ លួចពីវេណេស៊ុយអេឡា នោះយើងនឹងកត់ចំណាំទុក... ហើយសហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់រាល់អំណាចរបស់ខ្លួន ដើម្បីការពារទ្រព្យសម្បត្តិប្រជាជនវេណេស៊ុយអេឡា ព្រមទាំងជម្រុញឱ្យប្រជាជាតិទាំងអស់ រួមគ្នាធ្វើការងារនេះជាមួយពួកយើង»។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ទីក្រុងញូដេលីនឹងក្លាយជាអ្នកទិញប្រេងពីវេណេស៊ុយអេឡាដ៏ធំបំផុត ខណៈឥណ្ឌាកំពុងរក្សាការទិញប្រេងច្រើនជាង ៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ ពីប្រជាជាតិអាមេរិក ឡាទីនមួយនេះ។ ទោះបីជាបែបនេះក្តី ការព្រមានរបស់សហរដ្ឋអាមេរិកនេះ គឺមិនបានបង្ហាញពីចំណាត់ការដែលខ្លួនត្រូវធ្វើ ក្នុងករណីដែលក្រុមហ៊ុនបរទេសណាមួយ ហ៊ានទិញប្រេងពីវេណេស៊ុយអេឡានោះឡើយ៕