(វ៉ាស៊ីនតោន)៖ ក្រុមបក្សប្រឆាំង​នៃប្រទេស​វេណេស៊ុយអេឡា នឹងរៀបចំចាត់ចែង​បង្កើតការទាក់ទង​ជាមួយ​​ប្រទេសរុស្ស៊ី ដើម្បី​ជជែកអំពី​បញ្ហាជាច្រើន។ នេះបើតាម​លោក ចូស ម៉ានូអែល អូលីវ៉ារែស (Jose Manuel Olivares) អនុប្រធានរដ្ឋសភា​វេណេស៊ុយអេឡា ដែលគ្រប់​គ្រង​​​​ដោយ​គណបក្សប្រឆាំង ដកស្រង់សម្តី​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​អំឡុង​សន្និសីទស្តីពីវិបត្តិនៅវេណេស៊ុយអេឡា​ នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ លោក Olivares បាន​និយាយ​យ៉ាងដូច្នេះថា «ខ្ញុំគិតថាមធ្យោបាយ​នៃការទាក់ទងរវាង​រដ្ឋាភិបាលថ្មី​វេណេស៊ុយអេឡា និងប្រទេស​រុស្ស៊ី នឹងត្រូវបង្កើតឡើង​ក្នុងរបៀបណា​​មួយ​»។ ជាមួយគ្នា​នេះ ​លោក ដេវីដេ ស្មូឡេនស្កាយ (David Smolansky) ដែលជាមន្រ្តីម្នាក់របស់​មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានបង្ហាញក្តី​សង្ឃឹមថា រុស្ស៊ី និង​ចិន នឹងជួយដល់​ការធ្វើអន្តរកាល​នៃអំណាច​នៅវេណេស៊ុយអេឡា។

ថ្មីៗកន្លងទៅនេះ​ក៏មានព័ត៌មាន​ផងដែរថា ​ក្រុមគណបក្ស​ប្រឆាំង​វេណេស៊ុយអេឡា បានជួបពិភាក្សាគ្នា​ជាមួយក្រុម​អ្នក​តំណាង​​មកពីប្រទេសចិន នៅឯរដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្តែព័ត៌មាននេះ​ត្រូវបានរដ្ឋាភិបាលទីក្រុង​​ប៉េកាំងបដិសេធ។ កាលពីខែមករា​កន្លង​ទៅ លោក Guaido ធ្លាប់បាន​និយាយថា លោកបានផ្ញើសារ​ទៅកាន់រុស្ស៊ី និងចិន និងអះអាងថា ប្រទេសទាំងពីរ​មានការ​ចាប់​អារម្មណ៍​​ក្នុងការផ្លាស់ប្តូរ​របបដឹកនាំនៅ​វេណេស៊ុយអេឡា តែវិមានក្រឹមឡាំង​​បានបញ្ជាក់ថា មិនបានទទួល​សារណា​មួយ​​ពី​​​លោក Guaido នោះឡើយ។

គួរជម្រាបថា ប្រទេសរុស្ស៊ី និងចិន ព្រមទាំងប្រទេសមួយចំនួនទៀត មិនបានទទួលស្គាល់​លោក Juan Guaido ដែលបានប្រកាស​លើក​ខ្លួន​ឯងជាប្រធានាធិបតី​ស្តីទីវេណេស៊ុយអេឡា ជាមេដឹកនាំនៃប្រទេស​អាមេរិកឡាទីន​នេះឡើយ ហើយមហាយក្សយោធាលេខ ២ និង ៣ លើពិភពលោកនេះ​នៅតែ​ទទួលស្គាល់ លោក ​នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋាភិបាល​របស់លោក ជាដៃគូ​របស់ពួកខ្លួន ព្រមទាំងប្រឆាំង​ការលូកលាន់កិច្ចការ​ផ្ទៃក្នុងវេណេស៊ុយអេឡា ពីសំណាក់​សហរដ្ឋអាមេរិក​ផងដែរ៕