(ប៉ារីស)៖ រដ្ឋមន្ត្រីបារាំង​ទទួលបន្ទុកកិច្ចការ​អឺរ៉ុប លោកស្រី ណាថាលី ឡយហ្សូ (Nathalie Loiseau) បានឱ្យដឹងថា អគ្គរដ្ឋទូតបារាំង​ប្រចាំប្រទេស​​អ៊ីតាលី ដែលត្រូវបាន​កោះហៅមកកាន់ទីក្រុងប៉ារីស​ កាលពីដើមខែកុម្ភៈ​កន្លងទៅនោះ ត្រូវបានបង្គប់ឲ្យធ្វើដំណើរ​ត្រឡប់ទៅទីក្រុងរ៉ូមវិញ​ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់វិទ្យុ​បារាំង RTL លោក​ស្រី Loiseau បានបញ្ជាក់​យ៉ាងដូច្នេះថា «លោកអគ្គរដ្ឋទូត​បារាំងប្រចាំប្រទេសអ៊ីតាលី នឹងត្រឡប់ទៅកាន់​ទីក្រុងរ៉ូមវិញ​នៅថ្ងៃសុក្រនេះ... បន្ទាប់ពី​ប្រធានាធិបតី​អ៊ីតាលី និងប្រធានាធិបតី​បារាំងបានឈានដល់ការឯកភាព​គ្នាមួយ និងបង្ហាញ​ពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព​រវាងប្រទេសទាំង ២ នៅក្នុងកិច្ច​សន្ទនាតាម​ទូរស័ព្ទ»

គួរជម្រាបថា រដ្ឋាភិបាលបារាំង​បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន​មកស្រុកវិញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ហើយដែលនេះ​ត្រូវបានគេ​មើលឃើញថា ជាការកោះហៅ​មន្ត្រីទូតជាន់ខ្ពស់​បារាំងប្រចាំទីក្រុងរ៉ូម ជាលើកដំបូង​បំផុតចាប់តាំងពីសម័យសង្រ្គាម​លោកលើកទី ២ មក។ លើសពីនេះ​ទៅទៀត ការសម្រេចចិត្តនេះ​ទៀតសោតបានកើតមានឡើង​ក្រោយមន្ត្រី​ជាន់ខ្ពស់អ៊ីតាលី​ បានជួបជាមួយ​មេដឹកនាំ​ក្រុមបាតុករ​អាវកាក់​ពណ៌លឿង និងរិះគន់ធ្ងន់ៗលើ​គោលនយោបាយរបស់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ខណៈ​ដែលអ៊ីតាលីខ្លួនឯងជិតរៀបចំ​ការបោះឆ្នោត​សកល​ទៅហើយ៕