(សហរដ្ឋអាមេរិក)៖ នៅ​ទី​បំផុត​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ភាព​អាសន្ន​ថា្នក់​ជាតិ ពាក់​ព័ន្ធ​នឹង​ការ​កសាង​ជញ្ជាំង​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ប្រទេស ម៉ិកស៊ីកូ ដែល​នឹង​អនុញ្ញាត​ឱ្យ​លោក​​រួចផុត​ពី​គំនាប​នៃ​​អំណាច​រដ្ឋធម្មនុញ្ញ ​ក្នុង​គោលដៅ​គ្រប់គ្រង​ការ​ចំណាយ និង​បង្វែរ​មូលនិធិ​សហព័ន្ធ ឆ្ពោះ​ទៅ​​ចំណាយ​លើ​​​គម្រោង​កសាង​ជញ្ជាំង​។

ការសម្រេចចិត្តរបស់​​ប្រធានាធិបតី Donald Trump ក្នុង​ការ​ធ្វើ​ដូច្នេះត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​លោក​មិន​អាច​ទទួល​បាន​ប្រាក់​តាម​ការ​ចង់​បាន​ពី​សភា ដើម្បី​កសាង​ជញ្ជាំង ដែល​ការ​សម្រេច​ចិត្ត​នេះ ​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំងថា​បាន​​ការ​បំពាន​លើ​អំណាច​​នីតិ​ប្រតិបត្តិ។ ដូច្នេះ​តើ​​ប្រធានាធិបតី​រូប​នេះ​​អាច​ធ្វើ​ដូច្នេះ​បាន​ទេ?

សាក​ល្បង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ពិតថា ​តើ​ការ​ប្រកាស​ភាព​អាសន្ន​ថ្នាក់​ជាតិ​នេះមាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច?

* អ្វី​ទៅ​ជា​ភាព​​អាសន្ន​ថ្នាក់​ជាតិ?

នៅ​ឆ្នាំ​​១៩៧៦ សភា​បាន​អនុម័ត​ច្បាប់​ភាព​អាសន្ន​ថ្នាក់​ជាតិ​ ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​ប្រកាស​ភាព​អាសន្ន​ ក្នុង​ស្ថានភាព​ណា​​មួយ​ដែល​លោក​គិត​ថា​សមស្រប។ វា​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​ធ្វើ​សេចក្ដី​ប្រកាស​​ណា​មួយ​ តាម​ឆន្ទានុសិទ្ធិ​​ក្នុង​នាម​ជា​ប្រធានាធិបតី។

នៅ​ក្រោម​ច្បាប់​បច្ចុប្បន្ន អំណាច​ភាព​អាសន្ន​នឹង​ត្រូវ​បាន​លុបចោល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​លុះ​ត្រា​តែ​ប្រធានាធិបតី ធ្វើ​សេចក្ដី​ប្រកាស​ពី​ភាព​អាសន្ន​​បន្ត​ទៀត​​ឡើង​វិញ។ ភាព​អាសន្ន​ថ្នាក់​ជាតិ​អាច​ត្រូវ​បាន​ប្រកាស​ឡើង​វិញ​ដោយ​គ្មាន​ការ​កំណត់​ ហើយ​ក្នុង​​ស្ថានភាព​ជាក់ស្តែង ការ​ប្រកាស​ភាព​អាសន្ន​ឡើង​វិញ​ត្រូវ​បាន​អនុវត្ត​​ជា​ញឹកញាប់។

* តើ​ការ​ប្រកាស​ភាព​អាសន្ន​​ធ្លាប់​​បាន​កើត​ឡើង​​​ពេល​ណា ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក?

ប្រធានាធិបតី​អាមេរិក​ ធ្លាប់​បាន​ប្រកាស​ពី​ភាព​អាសន្ន​ថ្នាក់​ជាតិ​នេះ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​​២​។ យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បាន​ឱ្យ​ដឹង​ថា អតីត​ប្រធានាធិបតី Bill Clinton បាន​ប្រកាស​អាសន្ន​ចំនួន​១៧ដង លោក​ប្រធានាធិបតី​ George W. Bush ចំនួន១២​​ដង និង​លោក Barak Obama ចំនួន​១៣​ដង ដែល​ក្នុង​នោះ​ភាគ​ច្រើន កើត​ឡើង​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បរទេស ដែល​ធ្វើ​សកម្មភាព​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក។ ការ​ប្រកាស​មួយ​ចំនួន​ជាប់​ទាក់ទង​នឹង​វិបត្ដិ​សេដ្ឋកិច្ច។

លោកប្រធានាធិបតី Clinton បាន​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ ក្នុង​អំឡុង​នៃ​ការ​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស គុយបា ​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​រារាំង​នាវា ឬ​យន្តហោះ​អាមេរិក​មិន​ឱ្យ​ចូល​ចត ​ក្នុង​ទឹកដី​គុយបា​ដោយ​គ្មាន​ការ​អនុញ្ញាត។ ដោយ​ឡែក​លោក Obama​ បាន​ប្រកាស​ភាព​អាសន្ន​ថ្នាក់​ជាតិ​ក្នុង​អំឡុង​នៃ​ការ​រីករាល​ដាល​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក H1N1 នា​ឆ្នាំ​២០០៩ ដើម្បី​ធ្វើ​ផែនការ​គ្រប់​គ្រង​គ្រោះមហន្តរាយ ​និង​ផ្តល់​​ការ​ព្យាបាល​ដល់​​អ្នក​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ។

ចំណែក​លោក​ Bush វិញ​បាន​ប្រកាស​ពី​ភាព​អាសន្ន​ថ្នាក់​ជាតិ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាល​ពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។ សូម​ជម្រាប​ថា​បទ​បញ្ជា​នៃ​ការ​ប្រកាស​ភាព​អាសន្ន​លើ​បញ្ហា​នេះ​នៅ​តែ​​បន្ត​ស្ថិត​ជា​ធរមាន​ដល់​បច្ចុប្បន្ន​។

* តើ​លោក​ប្រធានាធិបតី​ប្រកាស​ភាព​​អាសន្ន​​ថ្នាក់​ជាតិ​យ៉ាង​ដូច​ម្តេច?

ប្រធានាធិបតី​ត្រូវ​ចេញ​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ ​ដែល​បាន​បញ្ជាក់​យ៉ាង​​ជាក់​លាក់​អំពី​ភាព​​អាសន្ន​​ដែល​លោក​គ្រោង​​នឹង​ប្រកាស​ឡើង​។ លោក Goitein បាន​​សន្និដ្ឋាន​ថា តាម​រយៈ​ការ​ប្រកាស​ភាព​អាសន្ន​នេះ មាន​ពីរ​ចំណុច​ដែល​ អនុញ្ញាត​ឱ្យ​ប្រធានាធិបតី Donald Trump ​សង់​ជញ្ជាំង​ព្រំដែន ដោយ​ប្រើប្រាស់​ថវិកា​ពី​ក្រសួងការពារជាតិ។

* តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ?

ទោះបីជាមិនមានដែនកំណត់ច្រើន​​ទៅ​លើ​អំណាច​ប្រធានាធិបតី ក្នុង​ការ​ប្រកាស​ភាព​អាសន្ន​ក្តី វា​មិន​បាន​ផ្តល់​​សេរីភាព​ពេញ​លេញ​ដើម្បី​បុគ្គល​ណា​ម្នាក់​ក្នុង​ការ​ប្រកាស​ភាព​អាសន្ន​តាម​អំពើ​ចិត្ត​នោះ​ឡើយ។ ជាក់​ស្តែង​​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដែល​រងផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​សារ​ការ​ប្រកាស​ភាព​អាសន្ន​នេះ ពួក​គេ​​​អាច​ធ្វើ​ការ​តវ៉ា​ចំពោះ​បញ្ហា​នេះ​ដល់​តុលាការ។ ជាក់​ស្តែង​លោក Goitein បាន​លើក​ឡើង​ថា ​ការ​ប្តឹង​តវ៉ា​នេះ​ច្បាស់​ជា​កើត​ឡើង​​ក្នុង​ករណី​របស់​សេចក្តី​ប្រកាស​​ភាព​អាសន្ន​របស់​លោក Donald Trump។ ​ដោយ​ឡែក​សភា​ក៏​អាច​ធ្វើ​​សេចក្តី​ព្រាង​ ដើម្បី​បញ្ឈប់​ភាព​អាសន្ន​បាន​ដែរ​។ តែ​ជា​ទូទៅ​សភា​ច្រើន​ធ្វើ​ការ​គាំទ្រ​ទៅ​លើ​ការ​ប្រកាស​របស់​ប្រធានាធិបតី​អំពី​ការ​ប្រកាស​ភាព​អាសន្ន​ថ្នាក់​ជាតិ។ សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​អាច​ចូលរួម​ក្នុង​បណ្តឹង​ក្រៅ​ផ្លូវ​ការ រឺ​ក៏​ជ្រើស​រើស​ដាក់​ពាក្យ​បណ្តឹង​ដោយ​ខ្លួន​ឯង​​ប្រឆាំង​ការ​ប្រកាស​នេះ​បាន​ដែរ។

* តើ​សភា​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ការ​ប្រកាស​ភាព​អាសន្នដែរឬទេ?

មិន​ខុស​ពី​ច្បាប់​​ផ្សេង​ទៀត សភា​អាច​បដិសេធ​បាន​​តែ​លុះ​ត្រា​តែ​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើសលប់ (​សំឡេងពីរ​ភាគ​បី​​) ។ ទាក់​ទិន​នឹង​បញ្ហា​នេះសមាជិក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​បាន​រង​ការ​រិះ​គន់​វិធី​សាស្ត្រ​នេះ ដោយ​ពួក​គេ​មើល​ឃើញ​ថា​ វា​មធ្យោបាយ​សម្រាប់​ប្រធានាធិបតី​នៅ​ពេល​អនាគត ប្រើប្រាស់​អំណាច​នេះ​ដើម្បី​ជំរុញ​គោលដៅ​នយោបាយ​​ផ្ទាល់​ខ្លួន​។ ប៉ុន្តែ​ពេល​នេះ​​វា​មិន​ច្បាស់ទេ​ថា ​តើ​សភា​នឹង​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​នឹង​ប្រធានាធិបតី ដើម្បី​​វេតូ​ដែរ​ឬទេ៕