(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាមុជ ទឹកបំពាក់មីស៊ីល ផលិតនៅក្នុងស្រុកស៊េរីថ្មីចុងក្រោយបំផុត នៅចំពេលដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងពិធីបើកសម្ពោធតាមកញ្ចក់ទូរទស្សន៍រដ្ឋ Press TV កាលពីថ្ងៃអាទិត្យ លោក រូហានី បានលើកឡើងដូច្នេះថា៖ «ចាប់ពេលនេះតទៅ នាវាមុជទឹកបំពាក់មីស៊ីល Fateh នឹងត្រូវចូលរួមជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់តាមបទបញ្ជារបស់ខ្ញុំ»។ បន្ថែមពីលើនេះ Press TV បានបញ្ជាក់ទៀតថានាវាមុជទឹក Fateh មានទម្ងន់៦០០តោន ហើយវាមានសមត្ថភាពបំពាក់មីស៊ីល និងអាវុធទំនើបៗ ជាច្រើនទៀតដែលអាចបាញ់ចេញពីតាំងនៅក្រោមផ្ទៃទឹក។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានប្រកាសដែរថាខ្លួនបានបាញ់សាកល្បង ដោយជោគជ័យនូវមីស៊ីលបាលិស្ទីគដែលអាចបាញ់បានរយៈចំងាយ ២,០០០គីឡូម៉ែត្រ ពោលគឺវាអាចវាយប្រហារលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា៕