(ញូដេលី)៖ មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ម្នាក់បានឱ្យ​ដឹងថា រដ្ឋាភិបាល​ទីក្រុងញូដេលីនឹងបន្ត​ធ្វើពាណិជ្ជកម្ម ក៏ដូចជាទិញ​ប្រេងពីបណ្ដា​ប្រទេស ដទៃក្នុងនោះ​រួមមានទាំងប្រទេស​វេណេស៊ុយអេឡា បើទោះជា​សហរដ្ឋអាមេរិកបាន​ព្រមានមិនឱ្យប្រទេស​ទំាងអស់​នៅលើពិភពលោក ទិញប្រេងពី​ប្រទេសអាមេរិកឡាទីន​នេះ​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក រ៉ាវីស គុមារ (Raveesh Kumar) ជាអ្នកនាំពាក្យមកពីក្រសួង​ការបរទេសឥណ្ឌា ធ្វើការកត់​សម្គាល់ខាងលើ​ នៅក្នុងសន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ កាលពីចុង​សប្ដាហ៍​កន្លងទៅ។ លើសពីនេះ​ទៅទៀត ការលើកឡើង​របស់លោក Kumar កើតមាន​ឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បានព្រមាន​បណ្ដាប្រទេស និងក្រុមហ៊ុន​ទាំងអស់នៅលើពិភពលោក​ កុំឱ្យ​ទិញប្រេង​ពីប្រទេសវេណេស៊ុយអេឡា។ តែទោះជា​យ៉ាងនេះក្ដី ក្រុមមន្ត្រី​ឥណ្ឌាជាច្រើនរូបក៏ធ្លាប់​បានអះអាងជាច្រើន​ដឹងផងដែរថា នឹងបន្ត ទិញប្រេងពី​ទីក្រុងការ៉ាកាស់​ដដែល។

គួរបញ្ជាក់ថា ចាប់តាំង​ពីវិបត្តិនយោបាយ​នៅក្នុងប្រទេសវេណេស៊ុយអេឡា​ ផ្ទុះឡើងកាលពី​ខែមករា​កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​រាយការណ៍ថា ទីក្រុងញូដេលី​នឹង​បន្តធ្វើជា​អតិថិជន​ដ៏ធំមួយពី​វេណេស៊ុយអេឡា ជាមួយការទិញប្រេង​ច្រើនជាង ៤០០,០០០​បារ៉ែល​ក្នុងមួយថ្ងៃ។ ម្យ៉ាងវិញ​ទៀត ខណៈសម្ព័ន្ធមិត្ត​អាមេរិកនាំគ្នា​ប្រកាសទទួលស្គាល់​លោក ជូអាន ហ្គៃដូ (Juan Guaidó) ជាប្រធានាធិបតី​​វេណេស៊ុយអេឡា​ស្ដីទី ឥណ្ឌាបានបង្ហាញគោលជំហរ​នៅកណ្ដាល ដោយអំពាវនាវ​ឱ្យមានការដោះស្រាយ​វិបត្តិតាមរយៈកិច្ច​សន្ទនា ដោយសន្តិវិធី​ដើម្បីបញ្ចៀសរាល់អំពើហិង្សា​ទាំងឡាយ៕