(ការ៉ាកាស់)៖ សមាជិកសភាអឺរ៉ុបមួយក្រុមបានឱ្យដឹងថា ពួកគេត្រូវបានបណ្ដេញពីប្រទេសវេណេស៊ុយអេឡា នៅពេលធ្វើដំណើរមកដល់ភ្លាមៗ ប៉ុន្តែខាងរដ្ឋាភិបាលទីក្រុងការ៉ាកាស់បានអះអាងថា ការបណ្ដេញចេញនេះធ្វើឡើង ដោយសារតែសមាជិកសភាអឺរ៉ុបទាំងនេះកំពុង រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter សមាជិកសភាអឺរ៉ុបលោក ហ្គនហ្សឡេស ផនស៍ (Gonzalez Pons) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លិខិតឆ្លងដែនរបស់ពួកយើងត្រូវដកហូត ហើយពួកយើងត្រូវបានគេបណ្ដេញចេញពីវេណេស៊ុយអេឡា។ នេះគឺជាសកម្មភាពដ៏អាក្រក់ និងជាភស្តុតាងបង្ហាញថា លោក ម៉ាឌ៉រូ មិនចង់ឱ្យពួកយើងស្ថិតនៅទីនេះឡើយ»។
តែជាការឆ្លើយតបការលើកឡើងខាងលើនេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានអះអាងថា សម្រេចចិត្តបែបនេះដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងស្រុក ព្រោះក្រុមសមាជិកសភាអឺរ៉ុប មានផែនការប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ លោក Arreaza បានបញ្ជាក់បន្ថែមទៀតថា «អាជ្ញាធរវេណេស៊ុយអេឡាទទួលបានដំណឹងនេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ពាក់ព័ន្ធនឹងនឹងសមាជិកសភាអឺរ៉ុបមួយក្រុម ដែលមានបំណងបំពេញទស្សនកិច្ចមកកាន់វេណេស៊ុយអេឡា ដើម្បីរៀបចំគម្រោងប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងការ៉ាកាស់... នេះគឺជាទង្វើមិនអាចទទួលយកបានជាដាច់ខាត»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហភាពអឺរ៉ុបមិនទាន់ប្រកាសទទួលស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាឡើយ ខណៈបណ្ដាប្រទេសជាសមាជិកមួយចំនួន នៅតែបន្តខ្វែងគំនិតលើបញ្ហានេះ ដោយក្នុងនោះអ៊ីតាលី អ៊ែកឡង់ ក្រិក និងស្លូវ៉ាគី បានបដិសេធទទួលស្គាល់មេបក្សប្រឆាំងរូបនេះ ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី និងទទួលការគាំទ្រពីអាមេរិកនោះ៕