(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) បានប្រកាសថា ទីក្រុងឡុងដ៍នឹងបង្កើន​វត្តមានយោធារបស់​ខ្លួននៅឯ តំបន់មហាសមុទ្រ​ទឹកកកអាក់ទិច (ប៉ូលខាងជើងផែនដី) ដើម្បី​ទប់ទល់នឹងសកម្មភាព​របស់រុស្ស៊ីនៅ​ក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Williamson ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេល​បំពេញដំណើរ​ទស្សនកិច្ច​ ទៅកាន់មូលដ្ឋានថ្មី​មួយរបស់កងម៉ារីន​អង់គ្លេស (Royal Marines) ដែលស្ថិត​ក្នុងទីក្រុង បាឌូហ្វូស (Bardufoss) ភាគខាងជើងប្រទេស​ន័រវែស កាលពីថ្ងៃអាទិត្យ។ នាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ​បានលើកឡើង​យ៉ាងដូច្នេះថា «...បើទោះជា​យន្ដហោះ​យោធា ផូសែដុន (Poseidon) របស់យើង​កំពុងតាមដានរាល់​ការគំរាមកំហែង ពីសំណាក់​នាវាមុជទឹក​ក៏ដោយ តែយើងនៅតែ​មានការប្រុងប្រយ័ត្ន​ ចំពោះការ​ប្រកួតប្រជែង​ថ្មី។ ដូច្នេះយន្ដហោះ​ល្បាតសមុទ្រ P8 Poseidon ជំនាន់ថ្មីរបស់​យើងនឹងត្រូវបាន​ប្រើប្រាស់ក្នុង​ការទប់ស្កាត់​ ការកើនឡើងនៃ​សកម្មភាពនាវាមុជទឹក​រុស្ស៊ីនៅក្នុង​តំបន់»

គួរជម្រាបថា បើតាម​លោក Williamson កង Royal Marines នឹងត្រូវដាក់ពង្រាយ​កងទ័ព ១,០០០នាក់​ទៅកាន់ប្រទេសន័រវែស ប្រចាំឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំសម្រាប់ការបណ្ដុះ​បណ្ដាលស្រប​ទៅតាមកិច្ចព្រមព្រៀង​រវាងអង់គ្លេស និងន័រវែស។ ចំណែកឯ យន្ដហោះ P8 Poseidon ចំនួន ០៩គ្រឿងក៏នឹងត្រូវបានបញ្ជូន​ទៅកាន់មូលដ្ឋានទ័ព​អាកាស ឡូស្ស៊ីម៉ៅស៍ (Royal Air Force Lossiemouth) ក្នុងប្រទេសស្កុតឡែន​ផងដែរនៅឆ្នាំ២០២០ ក្រោមក្រមខណ្ឌ​នៃប្រតិបត្តិការស៊ើបការណ៍​ នៅឯតំបន់​អាត្លង់ទិច​ខាងជើង និង​អាក់ទិច៕