(វ៉ាស៊ីនតោន)៖ បណ្ដារដ្ឋចំនួន១៦របស់សហរដ្ឋអាមេរិកបានប្រមូលកម្លាំងគ្នាជាក្រុមចំរុះមួយ ក្រោមការដឹកនាំដោយរដ្ឋកាលីហ្វ័រញ៉ា ដើម្បីដាក់ពាក្យប្ដឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងតុលាការជុំវិញការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសន្តិសុខ សំដៅប្រមូលនិធិសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ពាក្យបណ្ដឹងរបស់រដ្ឋចំនួន១៦ ត្រូវបានបញ្ជូនទៅកាន់តុលាការក្នុងរដ្ឋកាលីហ្វ័រញ៉ាហើយ ក្នុងគោលបំណងទប់ស្កាត់គម្រោងសាងសង់ ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ដោយគ្មានការអនុញ្ញាតពីសភាអាមេរិក។ លើសពីនេះទៅទៀត នៅក្នុងពាក្យបណ្ដឹងនោះបណ្ដារដ្ឋទាំងនេះក៏បានអះអាងដែរថាការសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសន្តិសុខថ្នាក់ជាតិរបស់លោក ដូណាល់ ត្រាំ គឺជាទង្វើរំលោភលើរដ្ឋធម្មនុញ្ញនៃប្រទេស។
គួរបញ្ជាក់ថា រដ្ឋចំនួន១៦ ដែលបានរួមគ្នាដាក់ពាក្យប្ដឹងរដ្ឋបាល លោក ដូណាល់ ត្រាំមានដូចជា រដ្ឋ California, Colorado, Connecticut, Delaware, Hawaii, Illinois, Maine, Maryland, Michigan, Minnesota, Nevada, New Jersey, New Mexico, New York, Oregon និងរដ្ឋ Virginia៕