(ប៉េកាំង)៖ ស្ថាបនិកក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) បាននិយាយថា សហរដ្ឋអាមេរិកគ្មានផ្លូវអាចផ្ដួលក្រុមហ៊ុនយក្សចិនមួយនេះបានឡើយ ខណៈកូនស្រីរបស់លោកកំពុងប្រឈមមុខ នឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Ren Zhengfei ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ BBC។ លោក Zhengfei បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានផ្លូវឡើយដែលសហរដ្ឋអាមេរិកអាចផ្ដួលយើងបានឡើយ ហើយក៏ពិភពលោកមិនអាចបោះបង់យើងបានដែរ ដោយសារតែយើងកំពុងរីកចំរើនទៅមុខកាន់តែខ្លាំង។ ម្យ៉ាងវិញទៀតទោះជាពួកគេខំបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសដទៃ បញ្ឈប់ការប្រើប្រាស់ផលិតផលរបស់ពួកយើងក៏ដោយ ក៏យើងនៅតែដោះស្រាយបញ្ហាទាំងនោះបានជានិច្ច»។ តែទោះជាយ៉ាងនេះក្ដី ស្ថាបនិករូបនេះក៏បានទទួលស្គាល់ផងដែរថា ការបាត់បង់អតិថិជនអាចនឹងជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុន Huawei។
គួរជម្រាបថា បើតាមលោក Ren Zhengfei ការចាប់ខ្លួនកូនស្រីរបស់លោកគឺលោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ដែលជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ពីសំណាក់អាជ្ញាធរកាណាដា តាមសំណើសហរដ្ឋអាមេរិកគឺជារឿងនយោបាយ។ សហរដ្ឋអាមេរិកបានចោទប្រកាន់លោកស្រី Meng ពីបទល្មើសជាច្រើនក្នុងនោះរួមមានលាងលុយកខ្វក់ ការក្លែងបន្លំធនាគារ និងលួចកិច្ចការសំងាត់ផ្នែកពាណិជ្ជកម្ម។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានក្រុមហ៊ុនចិនទាត់ចោល៕