(ម៉ូស្គូ)៖ សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា សភាជាតិអ៊ីរ៉ង់បានសម្រេចចិត្តអនុម័តហើយ ទៅលើសំណើជាច្រើនខែមកនេះ ដោយយល់ព្រមឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ខ្ចីលុយពីប្រទេសរុស្ស៊ីចំនួន ០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក មកចំណាយលើការអភិវឌ្ឍវិស័យជាច្រើនក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានអ៊ីរ៉ង់ មែហេ (Mehr) សមាជិកសភាអ៊ីរ៉ង់ក៏បានពិភាក្សាគ្នាផងដែរនៅថ្ងៃចន្ទសប្ដាហនេះ លើសេចក្ដីព្រាងច្បាប់នៃកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២០។ ដោយឡែកជុំវិញប្រាក់កម្ចីពីរុស្ស៊ីនឹងត្រូវបានយកទៅប្រើប្រាស់ ឬក៏ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ផ្លូវហៃវ៉េ ទំនប់ទឹក និងប្រព័ន្ធធារាសាស្រ្តជាដើម ខណៈទណ្ឌកម្មអាមេរិកកំពុងបង្កផលប៉ះពាល់ជាបណ្តើរៗ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សភាជាតិអ៊ីរ៉ង់បានទាត់ចោលសំណើកញ្ចប់ថវិកា ដែលស្នើឡើងដោយប្រធានាធិបតី លោក ហាសាន់ រូហានី ដោយសារតែព្រួយបារម្ភខ្លាចក្រែង សំណើកាត់បន្ថយការចំណាយរបស់លោក ហារូនី នៅពេលនោះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រោយការពិនិត្យឡើងវិញនោះ ទើបសំណើរបស់រដ្ឋាភិបាលត្រូវបានអនុម័តតែម្តង៕