(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះ​ឈីបធំបំផុតមួយក្នុង​ពិភពលោក Qualcomm បានដើរ​សំណើរ​ទៅ​កាត់និយ័តករពាណិជ្ជកម្ម​អាមេរិក ហាមឃាត់ការលក់​ទូរស័ព្ទដៃ iPhone ស៊េរីមួយចំនួន ដែលមានការរំលោភសិទ្ធិប៉ាតង់ តបទៅតាម​សេចក្តីសម្រេច​របស់ចៅក្រមតុលាការ​​នាពេលកន្លង​មកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia ដកស្រង់ពី​បណ្តាញសារព័ត៌មាន Reuters នាព្រឹក​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមហ៊ុន Qualcomm កំពុងតែព្យាយាម​ឲ្យមានការហាមឃាត់ខាងលើនេះ ដើម្បី​ដោះស្រាយ​បញ្ហាឲ្យបានលឿនជាមួយក្រុមហ៊ុន Apple មុនពេលការ​សម្រេចក្តី​ចុងក្រោយ នឹងត្រូវ​ធ្វើឡើង​នៅពាក់កណ្តាល​ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង សានឌីហ្គោ (San Diego) ពាក់ព័ន្ធ​ការរំលោភ​កម្មសិទ្ធិបញ្ញា​ដែល Qualcomm បានប្តឹងទៅ​លើ Apple ខណៈ​វាបាន​ទទួល​ជោគជ័យខ្លះៗ​ទៅហើយលើការហាមឃាត់​ការលក់ iPhone ស៊េរីមួយចំនួននៅចិន និង​អាល្លឺម៉ង់ ជាហេតុបង្ខំ​ឲ្យ Apple បង្វែលក់ iPhone របស់ខ្លួនដែលផ្ទុក​បន្ទះឈីបក្នុង​បណ្តឹងនេះ ទៅកាន់​ទីផ្សារមួយចំនួនជំនួសវិញ​។

ឆ្លើយតបទៅនឹង​ចំណាត់ការរបស់ Qualcomm ក្រុមហ៊ុន Apple បានសម្លឹង​​​ឃើញថា ការហាមឃាត់​​ណាមួយដែលអាច​កើតមាន ទៅលើការលក់​របស់ iPhone ក្នុងទីផ្សារ​អាមេរិកនោះ គឺអាចកើតមានតែ​ក្នុងរយៈពេលខ្លី​ប៉ុណ្ណោះ ខណៈដែល Apple កាលពីសប្តាហ៍មុន​នេះ​បាន​បញ្ចេញនូវ Software ដើម្បីដោះស្រាយ​បញ្ហា ចៀសវាង​ការរំលោភប៉ាតង់​របស់​ក្រុមហ៊ុន Qualcomm ហើយ Apple ក៏បានស្នើឲ្យ​និយ័តករអាមេរិក​ទុកពេលឲ្យ​ខ្លួន ០៦ខែផងដែរ ដើម្បីធ្វើការ​ដោះស្រាយ​បញ្ហា Software នេះឲ្យរួចរាល់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Qualcomm បានចាប់ផ្តើម​ដាក់ពាក្យប្តឹងក្រុមហ៊ុន Apple ទៅកាន់​គណៈកម្មការពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក (U.S ITC) កាលពី​ឆ្នាំ២០១៧ ដោយបាន​ចោទ​ប្រកាន់ថា ផលិតផល iPhone មួយចំនួន​​បានរំលោភលើសិទ្ធិ​ប៉ាតង់ តាមរយៈ​កម្មវិធី​ឆ្លាតវៃ​មួយរបស់ Apple ដែលជួយឲ្យ​ទូរស័ព្ទដើរលឿន និងប្រើប្រាស់​​ថាមពលថ្ម​តិច។ ជុំវិញរឿងនេះ Qualcomm បានស្នើឲ្យ​មានការហាមឃាត់​ទៅលើការចរាចរណ៍​លក់​ប្រភេទ iPhone ដែលមាន​ដើរ​ដោយបន្ទះ​ឈីប​របស់ Intel Corp ហើយ​ខ្លួនបានឈ្នះក្តីនេះ​នៅ​ប្រទេសចិន និងអាល្លឺម៉ង់​​រួចមកហើយ៕