(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ 6G ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការអំពាវនាវបែបនេះនៅលើសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បានប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ 5G និង 6G ឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយវាគឺជាប្រព័ន្ធមួយដែលមានល្បឿនលឿន ឆ្លាតវៃ និងមានថាមពលជាងប្រព័ន្ធស្ដង់ដារបច្ចុប្បន្ន។ ដូច្នេះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងអស់ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន... ពីព្រោះយើងត្រូវតែនាំមុខគេគ្រប់រឿងទាំងអស់ ជាពិសេសខាងបច្ចេកវិទ្យាហ្នឹងតែម្តង»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅមុនជំនួបពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន ខណៈទីក្រុងវ៉ាស៊ីនតោនផ្ទាល់កំពុងចាត់វិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ផែនការអភិវឌ្ឍបណ្ដាញ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចចំណាត់ការក្តៅៗជាច្រើនដែលបានកើតមានឡើងរួចទៅហើយ៕