(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា នឹងបិទព្រំដែនជាមួយ​ប្រទេសប្រេស៊ីល​នៅយប់ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ខណៈលោក​កំពុងតស៊ូប្រយុទ្ធប្រឆាំង​នឹងការផ្ដល់​មនុស្សធម៌ពី សំណាក់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅតាម​កញ្ចក់ទូរទស្សន៍​រដ្ឋ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកក៏កំពុង​ពិចារណាបិទព្រំដែន​ជាមួយប្រទេសកូឡុំប៊ី​ផងដែរ ដើម្បីកាត់ផ្ដាច់​ការទទួលជំនួយពីបរទេស​របស់គណបក្ស​ប្រឆាំង។ បន្ថែមពីលើនេះ​លោកនៅតែ​បន្តចោទប្រកាន់​ដដែលថា ការផ្ដល់ជំនួយ​មនុស្សធម៌ពី​សហរដ្ឋអាមេរិក គឺជាលេសគាំទ្របក្ស​ប្រឆាំង និងចង់ឈ្លានពាន​ទម្លាក់រូបលោក​ ចេញពីតំណែង​តែប៉ុណ្ណោះ។

គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បាន​បដិសេធថា វេណេស៊ុយអេឡាមិនមែន​កំពុងស្ថិតនៅក្នុង​វិបត្តិមនុស្សធម៌ ដូចសហរដ្ឋអាមេរិក​លើកឡើង​នោះទេ។ ប៉ុន្តែលោកផ្ទាល់​បែរអះអាងនៅក្នុងសប្ដាហ៍នេះ​ថា រុស្ស៊ីនឹងបញ្ជូន​ជំនួយ​មនុស្សធម៌ ៣០០តោន​មកកាន់ទីក្រុងការ៉ាកាស់​ទៅវិញ ហើយវេណេស៊ុយអេឡាបាន​យល់ព្រមទទួល៕