(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសលើកខ្លួនឯងជាមេដឹកនាំស្តីទី នៃប្រទេសអាមេរិកឡាទីនមួយនេះកាលពីខែមុន បានចេញបទបញ្ជាប្រធានាធិបតីស្តីទីលើកដំបូងរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលមកកាន់ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែគេនៅមិនទាន់ដឹងថា តើបទបញ្ជានោះនឹងមានប្រសិទ្ធភាព ឬក៏អត់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងបទបញ្ជាខាងលើលោក Guaido បាននិយាយយ៉ាងដូច្នេះថា «ក្នុងនាមជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា ខ្ញុំសម្រេចអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលមកក្នុងទឹកដីវេណេស៊ុយអេឡា។ ដូច្នេះខ្ញុំបញ្ជាឲ្យកងអង្គភាពនានារបស់យោធាវេណេស៊ុយអេឡា អនុវត្តន៍ធ្វើតាមការបង្គាប់នេះ»។
កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋសភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ក៏បានប្រកាសអនុញ្ញាតឲ្យជំនួយមនុស្សធម៌របស់អន្តរជាតិ ចូលមកក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ ដោយជំនួយទាំងនេះត្រូវគេរំពឹងថា នឹងមកដល់វេណេស៊ុយអេឡានៅថ្ងៃសៅរ៍។ តែរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានជំទាស់ដាច់ខាតចំពោះការទទួលយកជំនួយទាំងនេះ ដោយថាពួកវាអាចបើកផ្លូវឲ្យបរទេសធ្វើអន្តរាគមន៍ក្នុងប្រទេសរបស់លោក។
គួរជម្រាបថា ទាក់ទិននឹងការផ្តល់ជំនួយមនុស្សធម៌នេះ លោក ម៉ាឌូរ៉ូ បានរាំងខ្ទប់ច្រកព្រំដែនជាមួយប្រទេសកូឡុំប៊ី ជាទីដែលជំនួយអាមេរិកកំពុងត្រូវស្តុកទុក ហើយលោកក៏បានបញ្ជាឲ្យបិទព្រំដែនជាមួយប្រេស៊ីលផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា នឹងដឹកជំនួយមនុស្សធម៌មកកាន់ព្រំប្រទល់វេណេស៊ុយអេឡា។ ហេតុដូច្នេះស្ថានភាពទៅជាយ៉ាងណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែអំណាចបញ្ជាកងកម្លាំងសន្តិសុខ និងយោធាបច្ចុប្បន្ន គឺស្ថិតក្នុងដៃលោក ម៉ាឌូរ៉ូ ទាំងស្រុង៕