(ញូដេលី)៖ ក្រសួងដឹកជញ្ជូន​​របស់ប្រទេស​ឥណ្ឌា​​ បានធ្វើការឆ្លើយតប​ទៅកាន់ប៉ាគីស្ថាន​វិញថា ឥណ្ឌាបានសម្រេចចិត្ត​ធ្វើទំនប់ខ្ទប់​ទឹកទន្លេ រ៉ាវី (Ravi) មិនឲ្យហូរទៅកាន់​ប្រទេសប៉ាគីស្ថាន​​នោះហើយ ដើម្បីជាការ​​ឆ្លើយតបចំពោះការ​វាយប្រហារ​ដោយ​ក្រុមភេរវករមានមូលដ្ឋាននៅប៉ាគីស្ថាន ​ទៅលើកងកម្លាំង​​យោធាឥណ្ឌា​នៅក្នុងតំបន់​កាស្មៀដ៏ចម្រូងចម្រាស់។ នេះបើតាម​ការ​ចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី​ខាងលើបានបញ្ជាក់​យ៉ាងដូច្នេះថា «ក្រោមការដឹកនាំ​របស់នាយករដ្ឋមន្ត្រី​លោក ណារិនដ្រា ម៉ូឌី រដ្ឋាភិបាលរបស់​យើងបានសម្រេចចិត្ត​ បញ្ឈប់ការ​ចែករំលែកទឹក​ទន្លេជាមួយប៉ាគីស្ថាន​ទៀតហើយ...។ ក្រោយការធ្វើទំនប់ខ្ទប់ទឹកទន្លេហើយ យើងនឹងយក​ទឹកទាំងនោះ​ទៅផ្គត់ផ្គង់​ដល់​ប្រជាជន​របស់យើងនៅក្នុង​តំបន់ Jammu, Kashmir និង Punjab វិញ...»។ នេះជា​​ផែនការ​ដែលរដ្ឋាភិបាល​ឥណ្ឌាបាន​ប្រកាស និង​ជាផែនការ​អភិវឌ្ឍប្រព័ន្ធធារ៉ាសាស្ត្រជាតិ​​ផងដែរ។

គួរបញ្ជាក់ថា ការប្រកាស​ធ្វើទំនប់បិទទឹកទន្លេ​ដែលហូរពីឥណ្ឌា ទៅប៉ាគីស្ថាន​ខាងលើនេះ គឺបានកើតមាន​ឡើងបន្ទាប់ពីមាន​ការវាយប្រហារលើ​​កងកម្លាំងឥណ្ឌា បណ្តាល​ឲ្យស្លាប់ ៤៦នាក់នៅ​តំបន់កាស្មៀ និងបន្ទាប់ពីអគ្គមេបញ្ជាការ​យោធាប៉ាគីស្ថាន​បានព្រមានឥណ្ឌា មិនឲ្យធ្វើការចោទ​ប្រកាន់មកលើ​ខ្លួនដដែលជាដដែលថា ជាអ្នកស្ថិតនៅពីក្រោយ​អំពើភេរវកម្ម​នេះ ព្រមទាំង​សកម្មភាពធ្វើបាតុកម្ម​គប់ដុំថ្ម និងដុតទង់​ជាតិប៉ាគីស្ថាន​ ពីសំណាក់ប្រជាជន​ឥណ្ឌា​តាមព្រំដែនជាដើម៕