(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាកូរ៉េខាងជើងនៅតែជាការគំរាមកំហែងនុយក្លេអ៊ែរ ដដែល បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថាទីក្រុងព្យុងយ៉ាងលែងមានការគំរាមកំហែងអ្វីដល់ សហរដ្ឋអាមេរិកទៀតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) និងនៅមុន ជំនួបកំពូលរវាងលោកត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅក្នុងប្រទេសវៀតណាម នៅសប្ដាហ៍នេះ។ ឆ្លើយតបទៅនឹងសំណួអ្នកសារព័ត៌មាន CNN ថាតើកូរ៉េខាងជើងនៅតែជាការគំរាមកំហែងនុយក្លេអ៊ែរដែរឬទេ? រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានឆ្លើយយ៉ាងលឿនថារបបដឹកនាំកុម្មុយនិស្ដមួយនេះ នៅតែជាការគំរាមកំហែងនុយក្លេអ៊ែរ។
ក៏ប៉ុន្តែ ការលើកឡើងរបស់លោក ប៉ុមប៉េអូ គឺផ្ទុយទាំងស្រុងទៅនឹងលោក ដូណាល់ ត្រាំ ដែលធ្លាប់អះអាងកាលពីខែមិថុនា ឆ្នាំ២០១៨ ក្រោយជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហាបុរីថាទីក្រុងព្យុងយ៉ាងមិនមែនជាការគំរាមកំហែង នុយក្លេអ៊ែរទៀតនោះទេ ហើយថាចាប់ពីពេលនេះតទៅប្រជាជនអាមេរិកមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាជាលើកទី២ ក្នុងកិច្ចប្រជុំកំពូលដែលនឹងត្រូវប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ៕