(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចនឹងឈានដល់​ការព្រមព្រៀងគ្នាមួយលើការប្រកាសបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលជាលើកទី២រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom ធ្វើការអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ។ ឆ្លើយតបទៅនឹងសំណួអ្នកសារព័ត៌មាន ដែលសួរថាតើការប្រកាសបញ្ចប់សង្រ្គាមកូរ៉េអាចនឹងក្លាយជារបៀប វាៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ដែរឬទេ? អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាវាមានលទ្ធភាពទៅរួច​ដែលសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េអាចនឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពោលគឺ៨ខែបន្ទាប់ពីបានជួបគ្នាក្នុងប្រទេសសិង្ហបុរី ជាទីដែលមេដឹកនាំទាំង២បានសន្យារំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ៕