(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមេដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន នឹងដឹកនាំប្រទេស របស់លោកក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយនៅលើពិភពលោក ដោយគ្មានអាវុធនុយក្លេអ៊ែរក្នុងពេលអនាគតដ៏ខ្លី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter កាលពីថ្ងៃអាទិត្យ លោក ត្រាំ ក៏បានឱ្យដឹងដែរថាលោកនឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមដើម្បីចូលរួម ជំនួបកំពូលជាលើកទី២ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ជាមួយលោក គីម ជុងអ៊ុន កំពុងជិះរថភ្លើងក្នុងចំងាយផ្លូវជាង​៤​,០០០​គីឡូម៉ែត្រដោយចំណាយពេល៦០ម៉ោងឆ្ពោះមកកាន់ទីក្រុងហាណូយ។ លោក ត្រាំ បានបន្ថែមដូច្នេះថា៖ «លោកប្រធាន គីម កំពុងដឹកនាំប្រទេសល្អជាងមេដឹកនាំកូរ៉េខាងជើងណាៗទាំងអស់...ហើយដោយគ្មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់លោកអាច នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកនៅអនាគតដ៏ខ្លី»

តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានថាកូរ៉េខាងជើងនៅតែបន្តជាការគំរាមកំហែង នុយក្លេអ៊ែរដដែល បើទោះជាលោក ត្រាំផ្ទាល់ថាមិនមែនក៏ដោយ៕