(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានប្រកាសលាលែងចេញពីមុខតំណែងហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាស្សាដ បំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមកកាន់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសលាលែងពីតំណែងរបស់លោក Zarif ធ្វើឡើងនៅលើសារមួយបង្ហោះតាម Instagram។ នៅក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមទោសដែលខ្ញុំមិនមានសមត្ថភាពបន្តកាន់តំណែងតទៅទៀត ហើយខ្ញុំក៏សូមទោសផងដែរចំពោះកំហុសឆ្គងមួយចំនួន នៅអំឡុងពេលបំពេញភារកិច្ច... ប៉ុន្តែខ្ញុំនៅតែសូមអរគុណ និងគោរពដល់ក្រុមការ ងារសម្រាប់ការគំាទ្រមកលើរូបខ្ញុំក្នុងរយៈពេលជាង ៦៧ខែមកនេះ»។ តែទោះជាយ៉ាងនេះក្ដី ការលែងតំណែងរបស់លោក Zarif មិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ ពីសំណាក់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាហ្សាន រួហានី។
គួរបញ្ជាក់ថា ការប្រកាសលាលែងចេញពីតំណែងរបស់លោក Mohammad Javad Zarif កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ បំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមកកាន់ទីក្រុងតេហេរ៉ង់។ ចំណែកឯ សារព័ត៌មានអ៊ីរ៉ង់ ISNA ក៏បានរាយការណ៍ដែរថា រដ្ឋមន្ត្រីការបរទេសរូបនេះ មិនបានចូលរួមក្នុងជំនួបប្រជុំរបស់លោក អាសាដ ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាម៉េណៃ (Ayatollah Ali Khamanei) និងលោក Rouhani នោះឡើយ៕