(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាល្ងាចថ្ងៃពុធស្អែកនេះតែម្តង ក្រោយពីមេដឹកនាំកំពូលទាំងពីររូបបានមកដល់ទឹកដីប្រទេសវៀតណាម ដើម្បីបើកកិច្ចជំនួបកំពូលលើកទីពីរ ដែលអន្តរជាតិកំពុងតែចាប់អារម្មណ៍ខ្លាំងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) ដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ដែលលោកប្រធានាធិបតីអាមេរិកកំពុងជិះធ្វើដំណើរ ទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាម លោក ត្រាំ នឹងជួបមុខគ្នាមួយទល់មួយជាមួយ លោក គីម នាវេលាល្ងាចថ្ងៃពុធ ខណៈនាពេលព្រឹកលោកនឹងជួយមេដឹកនាំកំពូលៗវៀតណាម។ រីកិច្ចប្រជុំបន្តបន្ទាប់ទៀតជាមួយ លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅនាថ្ងៃព្រហស្បតិ៍។
គួរជម្រាបថា ខណៈនេះលោក គីម បានទៅដល់ស្ថានីយរដ្ឋភ្លើងនៃទីក្រុង ដុងដាង (Dong Dang) ដែលនៅជាប់ព្រំប្រទល់វៀតណាម-ចិនហើយ និងកំពុងជិះរថយន្តបន្តឆ្ពោះទៅកាន់ទីក្រុងហាណូយ ក្នុងចម្ងាយផ្លូវជិត ១៧០គីឡូម៉ែត្រ។ ចំណែកលោក ត្រាំ វិញត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសវៀតណាមនៅល្ងាច ឬក៏យប់ថ្ងៃអង្គារនេះ៕