(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានបង្កើនការបញ្ជូនយន្តហោះស៊ើបការណ៍ ទៅកាន់ដែនអាកាសអន្តរជាតិ នៅជុំវិញតំបន់ឆ្នេររបស់ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីប្រមូលព័ត៌មានសំងាត់ពាក់ព័ន្ធនឹងសកម្មភាព របស់រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមសម្តីមន្ត្រីយោធាអាមេរិក ០២រូប ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីយោធាអាមេរិកទាំង ០២រូបនេះមិនបានបញ្ជាក់លម្អិតនោះឡើយថា តើយន្ដហោះយោធាប្រភេទណា ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការខាងលើនេះ ដោយគ្រាន់តែឱ្យដឹងថា វាគឺជាប្រភេទយន្ដហោះដែលមានសមត្ថភាពខ្ពស់ ក្នុងការស្ទាក់ចាប់សញ្ញាទំនាក់ទំនង និងតាមដានសកម្មភាពយោធា។
គួរបញ្ជាក់ថា បើទោះជាមានការព្រមានជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើអន្តរាគមន៍យោធាក្នុងប្រទេសវេណេស៊ុយអេឡា ក៏ដោយ ក៏មន្ត្រីយោធាអាមេរិកជាច្រើននាក់នៅតែអះអាងដដែលថា ជម្រើសយោធាសម្រាប់វិបត្តិវេណេស៊ុយអេឡាមិនទាន់ត្រូវបាន ពិចារណានៅឡើយនោះទេ។ ពោលគឺបច្ចុប្បន្នយោធាអាមេរិកអាចនឹងធ្វើការឆ្លើយតប នៅក្នុងករណីដែលទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងបុគ្គលិកស្ថានទូតអាមេរិករងការវាយប្រហារតែប៉ុណ្ណោះ៕