(អង់ការ៉ា)៖ តួកគីធ្លាប់ជាប្រទេសគំរូមួយខាងប្រជាធិបតេយ្យទំនើបបែបអ៊ីស្លាម នៅអំឡុងឆ្នាំ២០០០ ខណៈបក្សកាន់អំណាចបច្ចុប្បន្ន ដែលបានដឹកនាំប្រទេសនៅឆ្នាំ២០០២ បានធ្វើកំណែទម្រង់ជាច្រើន ឱ្យស្របទៅតាមស្ដង់ដារប្រជាធិបតេយ្យនៃសហភាពអឺរ៉ុប និងជាប្រទេសមួយមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le MONDE ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ុន្តែការធ្វើកំណែទម្រង់ប្រជាធិបតេយ្យនេះមានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយវាត្រូវជាប់គាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺចាប់តាំងពីលោក អឺដូហ្កាន់ ឡើងកាន់តំណែងជាប្រធានាធិបតីតួកគីនៅឆ្នាំ២០១១ មក។ ចំណែកឯ ក្រុមអ្នករិះគន់មួយចំនួនបានចោទប្រកាន់ទៀតថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី កាន់តែមានសភាពអាក្រក់ឡើង ក្រោយមានការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦។
ការធ្វើរដ្ឋប្រហារនេះបានបង្ខំឱ្យរដ្ឋាភិបាលលោក អឺដូហ្កាន់ ដាក់ចេញនូវវិធានការបោសសំអាតអ្នកពាក់ព័ន្ធទាំងអស់ មិនថាជាយោធា ឬមន្ត្រីស៊ីវិលនោះទេ។ ជាលទ្ធផលមនុស្ស ១៥០,០០០នាក់បាត់បង់ការងារ ២០០,០០០នាក់ត្រូវចាប់ខ្លួនរីឯ ៨០,០០០នាក់ត្រូវបានឃុំខ្លួន និងផ្ដន្ទាទោស។
គួរបញ្ជាក់ថា ចំណាត់ការរបស់លោក អឺដូហ្កាន់ បានធ្វើមជ្ឈដ្ឋានប្រឆំាងនឹងលោកខ្លះ យល់ថា ប្រធានាធិបតីតួកគីរូបនេះកំពុងដឹកនាំប្រទេស ដោយមិនមានសមភាពតម្លៃរវាងសាសនាអ៊ីស្លាម និងប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ មជ្ឈដ្ឋានខ្លះទៀតក៏បានអះអាងដែរថា អ៊ីស្លាម និងប្រជាធិបតេយ្យវាមិនអាចដូចគ្នាទេព្រោះមួយគឺជាសាសនា និងមួយទៀតជាទ្រឹស្ដីនយោបាយ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ ការយកលិទ្ធិប្រជាប្រធិបតេយ្យ ទៅសាបព្រួសដោយបង្ខំនៅតាមបណ្ដាប្រទេសដទៃ ដោយមិនគិតពីសង្គម និងរបៀបរស់នៅរបស់ប្រជាជននៅក្នុងតំបន់ទាំងនោះ តែងតែបង្កជាវិនាសកម្ម ជាឧទារហរណ៍ដែលយើងឃើញជាក់ស្ដែងដូចជានៅ លីប៊ី ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហា្កនីស្ថានជាដើម៕