(ម៉ូស្គូ)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev បាននិយាយថាការបញ្ជូនកងកម៉្មង់ដូរពិសេសទៅកាន់ ដែនដី Puerto Rico និងប្រទេសកូឡុំប៊ីបានបង្ហាញកាន់តែច្បាស់ថាសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនធ្វើអន្តរាគមន៍យោធាចូល ឈ្លានពានផ្ដួលរំលំរបបដឹកនាំប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Patrushev ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកបានបញ្ជូនកងកម្ម៉ង់ដូរពិសេសរបស់ខ្លួនទៅកាន់ដែនដី Puerto Rico និងដាក់ពង្រាយកងទ័ពនៅប្រទេសកូឡុំប៊ី ហើយដែលនេះបង្ហាញយ៉ាងច្បាស់ពីចេតនាចង់ប្រើប្រាស់កម្លាំងយោធាបណ្ដេញលោក ម៉ាឌូរ៉ូ ពីអំណាច»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដែរថាជម្រើសទាំងអស់ក្នុងនោះ រួមមានទាំងការប្រើប្រាស់កម្លាំងយោធាត្រៀមនៅលើតុរួចជាស្រេចសម្រាប់ដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា៕