(ហាណូយ)៖ ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង៣លានដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកក្នុងប្រទេសវៀតណាមឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ការវាយតម្លៃខាងលើធ្វើឡើងដោយសហព័ន្ធជាតិអ្នកបង់ពន្ធអាមេរិក (NTU)។ NTU បានឱ្យដឹងទៀតថា ការហោះហើររយៈពេល មួយម៉ោងនៅលើ Air Force One ត្រូវចំណាយអស់ប្រាក់១៤០,០០០ដុល្លារកាលពីឆ្នាំ២០១៧ ហើយតម្លៃនេះបូករួមបញ្ចូលទាំង ថ្លៃប្រេង ជួសជុល និងការថែទាំជាដើម។ លើសពីនេះទៅទៀត ដោយផ្អែកលើការវាយតម្លៃនេះ NTU ក៏បានអះអាងដែរថា ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយកាលពីថ្ងៃអង្គារ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង ៣លានដុល្លារ។
គួរបញ្ជាក់ថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទី កាលពីយប់ថ្ងៃអង្គារ។ លោកនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ជាលើកទី២ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែក៕