(ហាណូយ)៖ អាកាសចរណ៍ធំៗពីររបស់វៀតណាមគឺ VietJet និង Bamboo នៅថ្ងៃពុធនេះបានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រុមហ៊ុនយក្សអាមេរិក Boeing ដែលមានតម្លៃ ១៥ពាន់លានដុល្លារ ដោយក្នុងនោះ Boeing ត្រូវផលិតយន្តហោះ ១១០គ្រឿងឲ្យក្រុមហ៊ុនទាំងពីរនេះ ខណៈដែលសហរដ្ឋអាមេរិក និងវៀតណាមក៏ទើបសម្រេចបាននូវកិច្ចព្រមព្រៀងអនុញ្ញាតការហោះហើរត្រង់ទៅត្រង់មករវាងគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងអ្នកតំណាងក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុន Boeing អាមេរិកចំពោះមុខដំណើរទស្សនកិច្ច នៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលធ្វើឲ្យពិភពលោកទាំងមូលចោលក្រសែភ្នែកទៅលើវៀតណាម។ ដោយឡែកលោក ដូណាល់ ត្រាំ នៅមុននេះបន្តិច ក៏បានបើកកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផងដែរ ដោយគេរំពឹងថា ភាគីទាំងពីរនឹងមានចុះកិច្ចព្រមព្រៀងមួយចំនួន សំដៅលើស្ទួយកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាម ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច។
ងាកទៅកិច្ចព្រមព្រៀងខាងលើនេះវិញ សម្រាប់យន្តហោះទាំង ១១០គ្រឿងនោះ គឺ ១០០គ្រឿងជាការបញ្ជាទិញដោយអាកាសចរណ៍ VietJet ប្រភេទ Boeing 737 MAX ដែលមានតម្លៃសរុប ១២.៧ពាន់លានដុល្លារ និង ១០គ្រឿងទៀតជារបស់អាកាសចរណ៍ Bamboo ប្រភេទ Boeing 787 wide-bodied ដែលមានតម្លៃសរុប ២.៩ពាន់លានដុល្លារ។ បន្ថែមពីនេះនៅថ្ងៃខាងមុខអាកាសចរណ៍ Bamboo ក៏គ្រោងបញ្ជាទិញយន្តហោះ Boeing ប្រភេទ 737 narrow-bodied ចំនួន ២៥គ្រឿងទៀតផងដែរ។
គួរបញ្ជាក់ថា ការទិញយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទាំងពីរខាងលើនេះ គឺស្ថិតនៅក្នុងគោលដៅស្របគ្នារបស់រដ្ឋាភិបាល នោះគឺការបង្កើនជើងហោះហើរទៅកាន់ពិភពលោកឲ្យបានកាន់តែទូលំទូលាយ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប៕