(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានរក្សាភាពអត់ធ្មត់ ខណៈប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ កំពុងស្ថិតនៅមាត់ជ្រោះនៃជម្លោះប្រដាប់អាវុធ ដោយសារតែការបំផ្ទុះគ្រាប់បែកស្លាប់ជនជាតិឥណ្ឌាជាង ៤០នាក់កាលពីប៉ុន្មានសប្តាហ៍មុន និងការបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមកក្នុងថ្ងៃនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានធ្វើការអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯទីក្រុងប៉េកាំង ហើយការអំពាវនាវនេះទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប៉ាគីស្ថានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាពីរគ្រឿងនៅឯតំបន់កាស្មៀរ ខណៈប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចេញផ្សាយដែរថា កងទ័ពអាកាសឥណ្ឌា ក៏បានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថានមួយគ្រឿងវិញផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារយន្ដហោះចម្បាំង នៃកងទ័ពអាកាសឥណ្ឌាបានហោះចូលក្នុងដែនអាកាសប៉ាគីស្ថាន ដើម្បីបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធដែលខ្លួនចោទថា ជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់កងកម្លាំងសន្តិសុខឥណ្ឌា ៤០នាក់ក្នុងតំបន់កាស្មៀរកាលពីជាង២សប្ដាហ៍មុន។ ចំណែកឯប៉ាគីស្ថានបាន ព្រមានថា នឹងចាត់វិធានការសងសឹក បើយន្ដហោះចម្បាំងចូលក្នុងដែនអាកាសរបស់ខ្លួនសាជាថ្មី៕