(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានទាត់ចោលការអះអាងរបស់មេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) ដែលថាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាច្រើនរូបបានរត់ភៀសខ្លួនមកកាន់ប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់សា្ថនីយទូរទស្សន៍តួកគី NTV លោក Erdogan បានលើកឡើងយ៉ាងដូច្នេះថា «គ្មានមន្ត្រីវេណេស៊ុយអេឡាណាម្នាក់រត់ភៀសខ្លួន មកសុំសិទ្ធិជ្រកកោណនៅក្នុងប្រទេសរបស់ខ្ញុំនោះទេ។ វាគឺជារឿងមិនពិត ហើយលោក Guaido ក៏មិនមែនជាមេដឹកនាំត្រូវបានជ្រើសរើសដោយការបោះឆ្នោតដែរ ដូច្នេះអ្វីដែលគាត់និយាយ គឺមកពីគាត់មិនស្គាល់តួកគី»។
គួរជម្រាបថា មកទល់នឹងពេលនេះសហរដ្ឋអាមេរិក និងប្រទេសចំនួន ៥០ ផ្សេងទៀតបានទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់ រីឯប្រទេសរុស្ស៊ី ចិន និងតួកគីជាដើមបានជំទាស់ ហើយនៅតែចាត់ទុកថា លោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយអេឡាដែលត្រូវបានជ្រើសតាំងដោយប្រជាជន នៃប្រជាជាតិអាមេរិកឡាទីនមួយនេះ ព្រមទាំងបានស្បថឡើងកាន់តំណែងដោយស្របច្បាប់ផងដែរ៕