(បាងកក)៖ អាកាសចរណ៍ថៃអន្តរជាតិ Thai Airways International បានលុបចោលរាល់ជើងហោះហើររបស់ខ្លួនរវាងប្រទេសថៃ និងអឺរ៉ុបសម្រាប់យប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រោះតែជម្លោះកំពុងក្តៅគគុករវាងឥណ្ឌា និងប៉ាគីស្ថាន ដែលស្ថិតនៅចំផ្លូវហោះហើររបស់ខ្លួននោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ័ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការលុបចោលជើងហោះហើរនេះ បានប៉ះពាល់ដល់ជើងហោះហើរចំនួន ១៣ របស់ Thai Airways ដែលគោលដៅឆ្ពោះទៅ និងមកពីទីក្រុង Copenhagen, Oslo, Burssels, Paris, Moscow, Frankfurt, Munich, Zurich, Stockholm, London, Rome, Milan, និង Vienna ដែលស្ថិតនៅក្នុងបណ្តាប្រទេសជាច្រើននៃទ្វីបអឺរ៉ុប។
ជុំវិញបញ្ហានេះ អគ្គនាយកអាកាសចរណ៍ Thai Airways លោក ស៊ូម៉េត ដាំរ៉ុងឆៃថាំ (Sumeth Damrongchaitham) បានធ្វើការកោះប្រជុំជាបន្ទាន់មួយ ហើយជាក់ស្តែងបើតាមលោក ចំណាត់ការបណ្តោះអាសន្នមួយគឺផ្លាស់ប្តូរផ្លូវហោះហើរនៃជើងហោះហើររវាងប្រទេសថៃ និងតំបន់អឺរ៉ុប កុំឲ្យរំលងលើតំបន់ដែលប៉ាគីស្ថាន និងឥណ្ឌាកំពុងមានវិវាទធ្ងន់ធ្ងរហ្នឹងគ្នានោះ។
គួរជម្រាបថា បញ្ហាខាងលើបានកើតឡើងបន្ទាប់ពីប៉ាគីស្ថាន បានប្រកាសបិទដែនអាកាស ហើយឥណ្ឌាក៏បានសម្រេចបិទដែនអាកាសតាមតំបន់ផ្សេងៗ នៅភាគខាងជើងប្រទេសដូចគ្នាដោយសារការបាញ់ទម្លាក់យន្តហោះចម្បាំងគ្នា ទៅវិញទៅមកកាលពីថ្ងៃពុធ ដែលនាំឲ្យបណ្តាប្រទេសជាច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពឈានទៅរកសង្គ្រាមរវាងប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃរៀងៗខ្លួនទាំងពីរនេះ៕