(ប្រេស៊ីល)៖ មេដឹកនាំបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសប្រេស៊ីលបានសន្យាថា នឹងត្រឡប់ ចូលប្រទេសវេណេស៊ុយអេឡាវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ បើទោះជាត្រូវប្រឈមមុខជាប់ពន្ធនាគារ ៣០ឆ្នាំក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ការសន្យាខាងលើរបស់លោក Guaido ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងក្រោយពីមានសេចក្ដីរាយការណ៍ថា លោកនឹងត្រឡប់ទៅកាន់ទីក្រុង ការ៉ាកាស់វិញនៅក្នុងសប្ដាហ៍នេះ។ នាឱកាសនោះមេបក្សប្រឆាំងដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទីរូបនេះ ក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិបង្កើន និងពង្រឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ចៅក្រមវេណេស៊ុយអេឡាម្នាក់ បានប្រកាសមេដឹកនាំបក្សប្រឆាំង លោក Juan Guaido អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ ៣០ឆ្នាំ ដោយសារតែលោកធ្វើដំណើរទៅប្រទេសកូឡុំប៊ី និងប្រេស៊ីលដែលនេះគឺជាទង្វើ រំលោភបំពានលើសាលក្រមរបស់តុលាការកំពូលវេណេស៊ុយអេឡា ដែលបានហាមឃាត់រូបលោក មិនឲ្យចាកចេញពីប្រទេសឡើយ៕