(ហាណូយ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានធ្វើការបកស្រាយហេតុផល ដែលស្ថិតនៅពីក្រោយភាពបរាជ័យនៃកិច្ចប្រជុំកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលអន្តរជាតិកំពុងចង់ដឹងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ហេតុផលរបស់លោក Ri គឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតីអាមេរិក បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ បានបិទបញ្ចប់ទៅយ៉ាងតក់ក្រហល និងទាំងពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់ ដោយពេលនោះលោក ត្រាំ បាននិយាយថា កូរ៉េខាងជើងបានទាមទារឲ្យមានការដកទណ្ឌកម្មទាំងអស់តែម្តង ជាថ្នូរនឹងការកម្ទេចមូលដ្ឋានអភិវឌ្ឍន៍នុយក្លេអ៊ែរនៅតំបន់ យ៉ុងប្យុន (Yongbyon)។
លោករដ្ឋមន្រ្តីការបរទេសបាននិយាយថា ទីក្រុងព្យុងយ៉ាងបានស្នើឲ្យមានដកទណ្ឌកម្មចំនួន ០៥ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង ១១ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបើការអះអាងរបស់លោក Ri ទណ្ឌកម្មទាំង ០៥នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនកូរ៉េខាងជើង។
លោក Ri បានសង្កត់ធ្ងន់ថា បើអាមេរិកព្រមទទួលយកសំណើរនេះ កូរ៉េខាងជើងនឹងបំផ្លាញចោលរាល់មូលដ្ឋានផលិតវត្ថុធាតុនុយក្លេអ៊ែរក្នុងតំបន់ Yongbyon នៅចំពោះមុខក្រុមអ្នកជំនាញអាមេរិកចោលទាំងស្រុង និងជាអចិន្រ្តៃយ៍តែម្តង ហើយមិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាងក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសរសេរជាលាយលក្ខណ៍អក្សរ នូវការផ្អាកជាអចិន្រ្តៃយ៍នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនថែមទៀតផង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបោះចោលឱកាសទាំងនេះ ដែលប្រហែលជានឹងគ្មានថ្ងៃទទួលបានម្តងទៀតឡើយ។
លោក Ri Yong Ho បានបញ្ជាក់ទៀតថា គោលជំហររបស់កូរ៉េខាងជើងនឹងមិនប្រែប្រួលឡើយ បើទោះបីជាសហរដ្ឋអាមេរិកបន្តព្យាយាមស្វែងរកកិច្ចចរចាទៅមុខទៀតក៏ដោយហើយជាមួយគ្នានេះដែរ លោក គីម ប្រហែលជានឹងលែងមានឆន្ទៈចង់បន្តកិច្ចចរចាក៏ថាបានដែរ។
គួរជម្រាបថា នៅក្រោយជំនួបរវាងលោក ត្រាំ និងលោក គីម អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី គីល សុង (Ri Kil Song) បានចាកចេញពីហាណូយភ្លាមៗ ដើម្បីទៅទីក្រុងប៉េកាំង និងបានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃព្រហស្បតិ៍។ រីឯលោក គីម ជុងអ៊ុន វិញ នឹងត្រូវជួបពិភាក្សាជាមួយមេដឹកនាំវៀតណាមនាថ្ងៃសុក្រនេះ ហើយចេញដំណើរត្រឡប់ទៅវិញនៅថ្ងៃសៅរ៍ តាមរថភ្លើងពិសេសរបស់លោក៕