(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចង់​ដកទណ្ឌកម្មសេដ្ឋកិច្ច​ទាំងស្រុងពី​កូរ៉េខាងជើងនោះទេ រហូតទាល់តែ​ទីក្រុងព្យុងយ៉ាង​លុបចោល​អាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីបកូរ៉េជា​មុនសិន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា « ពួកគេ (កូរ៉េខាងជើង) ចង់រំសាយ​អាវុធនុយក្លេអ៊ែរ​មួយចំនួន តែខ្ញុំចង់ឱ្យ​លុបបំបាត់ចោល​ទាំងអស់... ហើយ​ខ្ញុំមិនចង់ដក​ទណ្ឌកម្ម​សេដ្ឋកិច្ចនោះ​ឡើយ បើសិនជាពួកគេ​មិនព្រមលុបបំបាត់​ចោលអាវុធនុយក្លេអ៊ែរ​ទាំងស្រុង»។

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបញ្ជាក់ ដែរថា កូរ៉េខាងជើង​មិនទាន់ត្រៀមខ្លួន​ទទួលយកសំណើ​ពី​សហរដ្ឋអាមេរិក ដែលនេះ​ជាមូលហេតុមួយ​ធ្វើឱ្យលោក និង​លោក គីម ជុងអ៊ុន មិនអាច​ចុះកិច្ចព្រមព្រៀងនៅ​ឯកិច្ចប្រជុំ​ក្នុងទីក្រុងហាណូយ ប្រទេស​វៀតណាម។

តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតី​អាមេរិករូបនេះ​នៅតែអះអាង​ដូចដើមថា លោកមានទំនាក់ទំនង​ដ៏ល្អជាមួយ​លោក គីម ជុងអ៊ុន ហើយ បើទោះជា​ប្រទេសទាំងពីរមិន​អាចសម្រេចបានកិច្ចព្រមព្រៀង​ក៏ដោយ ក៏ទីក្រុងព្យុងយ៉ាង​នឹងមិនបាញ់​សាកល្បងមីស៊ីល និងអាវុធ​នុយក្លេ​អ៊ែរ​ឡើងវិញដែរ។

គួរជម្រាបថា កិច្ចប្រជុំកំពូល​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ​ពីថ្ងៃពុធ រហូតដល់​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ​បានបិទបញ្ចប់​ទៅ​មុនកាលកំណត់ដោយមិនមាន​លទ្ធផល ខណៈលោក ត្រាំផ្ទាល់ក៏​បានបញ្ជាក់ដែរថា លោកមិនទាន់មាន​គម្រោងជួប​លោក គីម ជាថ្មី​ឡើយ៕