(អ៊ីស្លាម៉ាបាដ)៖ ទោះបីជាស្ថានការណ៍យ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ទីក្រុងអ៊ីស្លាម៉ាបាដនៅតែបន្តចង់ចរចាសន្តិភាពជាមួយឥណ្ឌាហើយក៏សង្ឃឹមថា នឹងអាចបញ្ចៀសសង្រ្គាមឲ្យបានទោះក្នុងករណីណាក៏ដោយ ព្រោះថាវានឹងបំផ្លាញប្រទេសទាំងពីរ គ្មានខាងណាជាអ្នកឈ្នះនោះទេ។ នេះបើតាមប្រមុខការទូតប៉ាគីស្ថាន លោក ហ្សាហ៍ ម៉េមូដ គ្រែសស៊ី (Shah Mehmood Qureshi) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Qureshi បានបង្ហាញក្តីសង្ឃឹមថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ ដោយយោធារវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូដេលី នឹងមិនអាចកើតឡើងទៅចុះ។ លោក Qureshi បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា វានឹងមិនកើតឡើងឡើយព្រោះថា បើមិនដូច្នោះទេវានឹងប្រៀបដូចជាការធ្វើអត្តឃាតនៃប្រទេសទាំងពីរអ៊ីចឹង» បន្ទាប់ពីត្រូវបានសួរសំណួរថា តើភាពតានតឹងកាន់តែខ្លាំងឡើងក្នុងសប្តាហ៍នេះអាចនាំទៅរកការផ្ទុះសង្រ្គាមដែរ ឬអត់ ប្រសិនបើវាពុំត្រូវបានបន្ធូរបន្ថយកម្តៅទេនោះ។
គួរជម្រាបថា នាថ្ងៃពុធកន្លងទៅនេះ យន្តហោះចម្បាំងឥណ្ឌា និងប៉ាគីស្ថាន បានធ្វើការប្រយុទ្ធគ្នាលើផ្ទៃអាកាស នៃតំបន់ជម្លោះកាស្មៀរ ដែលជាលទ្ធផលបានបណ្តាលឲ្យយន្តហោះ F-16 មួយគ្រឿងរបស់ប៉ាគីស្ថាន ព្រមទាំងយន្តហោះឥណ្ឌា MiG-21 អាចមួយទៅពីរគ្រឿងធ្លាក់ ហើយពីឡុតឥណ្ឌាម្នាក់កំពុងត្រូវក្រោមការឃុំឃាំងរបស់យោធាប៉ាគីស្ថាន។ ប៉ុន្តែម្សិលមិញនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានប្រកាសថា នឹងដោះលែងហើយប្រគល់ពីឡុតរូបនេះ ទៅឲ្យឥណ្ឌាវិញនាថ្ងៃសុក្រនេះ៕