(អេក្វាឌ័រ)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានឲ្យដឹងថា លោកនឹងវិលត្រឡប់ចូលស្រុកវិញ ក្រោយបញ្ចប់ទស្សន​កិច្ចនៅប្រទេសអេក្វាឌ័រ ហើយថែមទាំងបានអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡា ត្រៀមខ្លួនធ្វើបាតុកម្មសាជាថ្មីនាសប្តាហ៍ក្រោយថែម​ទៀតផង ដើម្បីប្រឆាំងនឹងប្រធានាធាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈដែលរូបលោកអាចនឹងប្រឈមមុខការចាប់​ខ្លួន​ដោយសារតែល្មើសបម្រាមមិនឲ្យចាកចេញពីប្រទេសររបស់តុលាការកំពូលវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។

ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Guaido បានចំណាយពេលធ្វើទស្សនកិច្ចនៅតាមបណ្តាប្រទេសអាមេរិកឡាទីន ដើម្បីប្រមែប្រមូលសំឡេង​គាំទ្រសម្រាប់យុទ្ធនាការរបស់លោក ដែលសំដៅចង់បង្កើតរដ្ឋាភិបាលអន្តរកាលមួយ ហើយទម្លាក់លោក ម៉ាឌូរ៉ូ ដែលខ្លួនបានចាត់ទុកថា​ជា​​មេដឹកនាំមិនស្របច្បាប់។

លោក Guaido បានទៅទស្សនកិច្ចនៅប្រេស៊ីល អាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយ ក្រោយចាកចេញពីវេណេស៊ុយអេឡាកាលពីសប្តាហ៍មុន​​ទៅ​កាន់កូឡុំប៊ី ដើម្បីសម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌​ចូលទៅកាន់ប្រទេសរបស់លោក តែត្រូវកងទ័ព​វេណេស៊ុយអេឡាដែល​នៅ​តែស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ រារាំងក្បួនរថយន្តដឹកជំនួយហើយក៏បកក្រោយត្រឡប់វិញ។ ជុំវិញការរារាំងនេះ លោក Guaido បានស្នើដល់​អន្តរជាតិដែលគាំទ្រលោក ចេញវិធានការធ្ងន់ៗដើម្បីដាក់សម្ពាធលើលោក ម៉ាឌូរ៉ូ។

បច្ចុប្បន្នមេបក្សប្រឆាំងវេណេស៊ុយអេឡារូបនេះ កំពុងស្ថិតនៅក្នុងប្រទេសអេក្វាឌ័រ ហើយ​លោកបានថ្លែងនៅចំពោះមុខអ្នកកាសែត អំឡុង​សន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីអេក្វាឌ័រ លោក Lenin Moreno ថា លោកនឹងចេញពីប្រទេសអេក្វាឌ័រសំដៅទៅវេណេស៊ុយ​អេឡាតែម្តង។ នាឱកាសនោះ លោកក៏បានអំពាវនាវឲ្យ​ប្រជាជនវេណេស៊ុយអេឡា នាំគ្នាធ្វើបាតុកម្មសាជាថ្មីម្តងទៀត នៅថ្ងៃចន្ទនិងថ្ងៃអង្គារ​​ខាងមុខនេះថែមទៀតផង។

យ៉ាងណាមិញ លោក Guaido មិនបានបញ្ជាក់ពីថ្ងៃជាក់លាក់ឬក៏មធ្យោបាយធ្វើដំណើរសម្រាប់ត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញ​ឡើយ តែបើតាមកាលវិភាគដំណើរទស្សនកិច្ច​​របស់លោកពីរដ្ឋាភិបាលអេក្វាឌ័រ លោកត្រូវគេរំពឹងថានឹងចាកចេញពីអេក្វាឌ័រ​នៅវេលាម៉ោង​០៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ ម៉្យាងវិញទៀតនោះ ការវិលទៅវិញនេះ អាចត្រូវឲ្យ​លោកប្រឈមមុខការចាប់​ខ្លួន​ពី​អាជ្ញាធរ​វេណេស៊ុយអេឡា និងការ​​ជាប់ពន្ធនាគារ​រហូតដល់រយៈពេល៣០ឆ្នាំ ដោយសារតែការល្មើសបម្រាមដំណើររបស់តុលាការកំពូល​៕