(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា សហរដ្ឋអាមេរិកនឹងបង្កើតក្រុមចំរុះក្រៅប្រទេសមួយ ឱ្យបានលឿនតាមតែធ្វើទៅបាន ដើម្បីបណ្ដេញប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ពីអំណាច និងស្ដារលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
ការអះអាងខាងលើរបស់លោក Bolton ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)។ នាឱកាសនោះទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់ឃើញក្រុមចំរុះក្រៅប្រទេសមួយ (រដ្ឋាភិបាលនៅក្រៅប្រទេស) កើតឡើងក្នុងពេលឆាប់ៗដើម្បីជំនួសលោក ម៉ាឌូរ៉ូ និងរបបដឹកនាំដ៏ពុករលួយរបស់លោក... ហើយនេះគឺជាអ្វីដែលកំពុងព្យាយាមធ្វើ»។
លើសពីនេះទៅទៀត លោក Bolton ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងមិនខ្លាចក្នុងការដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡាតែម្នាក់ឯងឡើយ ខណៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបរាជ័យអនុម័តដំណោះស្រាយថ្កោលទោស លោក ម៉ាឌូរ៉ូ ដោយសារតែចិន និងរុស្ស៊ីជាអ្នកបានវ៉េតូ (ជំទាស់)។
គួរជម្រាបថា លោក John Bolton មិនមែនជាមន្ត្រីជាន់ខ្ពស់អាមេរិកតែម្នាក់គត់ ដែលនិយាយជាចំហអំពីការផ្លាស់ប្ដូររបបដឹកនាំនៅវេណេស៊ុយអេឡានោះឡើយ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ ប្រធានគណៈកម្មាធិការសេវាកម្មអាវុធ នៃព្រឹទ្ធសភាអាមេរិក លោក អ៊ីនហូហ្វេ (Inhofe) ក៏បានលើកឡើងត្រង់ៗដែរថា សហរដ្ឋអាមេរិកត្រូវតែប្រើកម្លាំងយោធាលើវេណេស៊ុយអេឡា បើសិនជារុស្ស៊ីហ៊ានបង្កើតមូលដ្ឋានទ័ព លើទឹកដីប្រជាជាតិអាមេរិកឡាទីនមួយនេះ៕