(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានព្រមានប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ទុកជាមុនថា នឹងត្រូវប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ព្រមទំាងវិធានការយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក បើសិនជាហ៊ានរារាំងមេបក្សប្រឆំាងលោក ជូនអាន ហ្គៃដូ (Juan Guaido) មិនឱ្យចូលប្រទេសវេណេស៊ុយអេឡាវិញ ដោយសុវត្ថិភាពនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
លោក Bolton ធ្វើការព្រមានបែបនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជា ប្រធានាធិបតីស្ដីទីនោះបានប្រកាសថា លោកនឹងត្រឡប់ចូលស្រុកវិញនៅថ្ងៃចន្ទនេះ (ម៉ោងនៅវេណេស៊ុយអេឡា) បើទោះជាត្រូវអាជ្ញាធរទីក្រុងការ៉ាកាស់ ចាប់ខ្លួនក៏ដោយ។ ប៉ុន្តែមកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមេដឹកនាំបក្សប្រឆាំងរូបនេះនឹងត្រឡប់ចូលស្រុក វិញដោយរបៀបណា ហើយលោក ម៉ាឌូរ៉ូ នឹងចាត់វិធានការយ៉ាងដូចម្ដេច ស្របពេលចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាប្រកាសថា លោក Guaido អាចជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទរំលោភលើបញ្ជារបស់តុលាការកំពូល ដែលហាមលោកមិនឱ្យចេញពីប្រទេស។
គួររំលឹកថា លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា កាលពីខែមករាកន្លងទៅ ក្រោមការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសចំនួន ៥០ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមគ្នារុស្ស៊ី ចិន គុយបា និងតួកគីជាដើមនៅតែចាត់ទុកដដែលថា លោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយអេឡា ហើយពួកគេបានចាត់ទុកលោក Guaido គ្រាន់ជាអាយ៉ងម្នាក់របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕