(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលុបចោល ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង គឺដើម្បីសន្សំថវិកា និងកាត់បន្ថយភាពតានតឹងនឹងកូរ៉េខាងជើង ហើយសមយុទ្ធយោធាធម្មតាៗក្នុងទ្រង់ទ្រាយតូច ត្រូវបង្កើតដើម្បីជំនួសសមយុទ្ធកក្រើកៗទាំងឡាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter និងបន្ទាប់ពីមន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យបានប្រកាសលុបចោល ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន ២ គឺ Key Resolve និង Foal Eagle ជាមួយកូរ៉េខាងត្បូង។
សមយុទ្ធយោធា Foal Eagle គឺជាសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំធំជាងគេបង្អស់របស់អាមេរិក និងកូរ៉េខាងត្បូងដោយកន្លងមកវាមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងចំនួន ២០០,០០០នាក់ និងកងទ័ពអាមេរិកប្រមាណ ៣០,០០០នាក់។ ជាធម្មតារៀងរាល់ឆ្នាំ សមយុទ្ធនេះតែងប្រារព្ធឡើងអមជាមួយសមយុទ្ធ Key Resolve។ ចំពោះទីក្រុងព្យុងយ៉ាងវិញ លំហាត់យោធាធំៗទាំងពីរ ដែលជាទូទៅត្រូវធ្វើឡើងចាប់ពីខែមីនា ដល់ខែមេសាខាងនេះ គឺជាការត្រៀមលក្ខណៈឈ្លានពានទៅលើប្រទេសខ្លួន។
គួរបញ្ជាក់ថា ទោះបីជាប្រកាសលុបចោលសមយុទ្ធយោធាទ្រង់ទ្រាយក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបង្កើត សមយុទ្ធយោធាមួយឈ្មោះ ដុងម៉ែង (Dong Maeng) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទនេះ ជំនួសសមយុទ្ធយោធា Key Resolve ខណៈសមយុទ្ធយោធាក្នុងកម្រិតតូចៗជាច្រើនទៀតនឹងជំនួសសមយុទ្ធយោធា Foal Eagle ដោយការធ្វើនេះមានចេតនាសន្សំថវិកា និងកុំឲ្យបង្កការប៉ះទង្គិចខ្លាំងពេកដល់កូរ៉េខាងជើង៕