(វ៉ាស៊ីនតោន)៖ ចំនួនមនុស្សស្លាប់ បានកើនដល់ ២៣នាក់ ក្រោយពីព្យុះកួចដ៏កំណាច ថូណាដូ (Tornado) ដ៏ខ្លាំងក្លាមួយ​បានបោកបក់កាត់​តំបន់ លីខោនធី (Lee County) ក្នុងរដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរ​តំបន់ Lee County បានបញ្ជាក់ថា ចំនួនមនុស្ស​ស្លាប់នឹងបន្តកើន​ឡើងថែម​ទៀត ខណៈដែល​ក្រុម​ភ្នាក់ងារ​ជួយ​សង្រ្គោះបាន និងកំពុងតែបន្តធ្វើ​ការរុករក នៅតាមគំនរ​អគារដែលបានទទួលរង​ការបំផ្លិចបំផ្លាញ​ ដោយសារព្យុះកំណាចខាងលើ។ មិនតែ​ប៉ុណ្ណោះ​រដ្ឋ ហ្សកហ្ស៊ី (Georgia) ដែលនៅ​ក្បែរខាងគ្នា ក៏បានទទួលរងការ​ប៉ះពាល់​ផងដែរ ដោយដើមឈើជាច្រើនដើមបាន​ដួល​រលំ​ហើយផ្ទះសម្បែងត្រូវ​បានបំផ្លិចបំផ្លាញ ខណៈមនុស្ស​រាប់ពាន់នាក់កំពុងគ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់។

គួរជម្រាបថា ជាមួយគ្នានេះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារ​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​នៅ​ Alabama និងនៅតាម​តំបន់ឯទៀត​ៗ​ដែលបានទទួលរង​ឥទ្ធិពលព្យុះដូចគ្នា ឲ្យមានការប្រុ​ងយ័ត្នខ្ពស់ ហើយលោកបានសម្តែង​ការចូលរួមសោកស្តាយ​ជាពន់ពេក​ ដល់ក្រុមគ្រួសារ​សាច់ញាតិ​របស់ជនរងគ្រោះ ដែលបានបាត់បង់​ជីវិតក៏ដូចជា​រងរបួស៕​