(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាហើយលើបទបញ្ជាផ្អាកការអនុវត្តរបស់រុស្ស៊ីក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
វិមានក្រឹមឡាំង បានឱ្យដឹងទៀតថាការផ្អាកការអនុវត្តសន្ធិសញ្ញា INF នឹងត្រូវធ្វើឡើងរហូតទាល់តែសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាព រំលោភបំពានរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះលោក ពូទីនផ្ទាល់ក៏បានប្រាប់ក្រសួងការបរទេសរុស្ស៊ីជូនដំណឹងពីការផ្អាកនេះទៅដល់ បណ្ដាប្រទេសពាក់ព័ន្ធដទៃទៀតផងដែរ។
គួរជម្រាបថា ការសម្រេចចិត្តរបស់រុស្ស៊ីនៅពេលនេះគឺជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលប្រកាសថាដកខ្លួនចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរ INF ដោយចោទថាទីក្រុងម៉ូស្គូ រំលោភបំពានលើសន្ធិសញ្ញានេះ៕