(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីបំផុតបានទៅដល់ទីក្រុងព្យុងយ៉ាង នៃប្រទេសរបស់លោកវិញហើយ ក្រោយពីបានធ្វើដំណើរចាប់តាំងពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុននេះមកពីវៀតណាម និងឆ្លងកាត់ទឹកដីមួយចំហៀងប្រទេសចិន ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងប្រើប្រាស់ពេលវេលារាប់សិបម៉ោង ដោយគ្មានឈប់សំចតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
បើតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន បានមកដល់ទីក្រុងព្យុងយ៉ាងនាវេលាព្រឹកព្រហាមថ្ងៃអង្គារ នេះតែម្តង (ម៉ោងនៅទីក្រុងព្យុងយ៉ាង) ដោយលោក និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងកកកុញពីសំណាក់មន្ត្រីជាន់ខ្ពស់បក្សពលករកូរ៉េ នៅឯស្ថានីយរថភ្លើង។
ទោះបីជាសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន លើកទីពីរបានទទួលភាពបរាជ័យព្រោះតែមិនបានចេញសេចក្តីថ្លែងការណ៍រួមដូចកាលពីនៅសិង្ហបុរីក៏ដោយ តែសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA វិញបានចុះផ្សាយថា ជំនួបរវាងលោក គីម និងលោក ត្រាំ បានបញ្ចប់ទៅប្រកបដោយលក្ខណៈស្ថាបនា និងមានការដោះដូរទស្សនគ្នាទៅវិញទៅមក ជុំវិញការបើកទំព័រថ្មីនៃដំណើរការទៅរកទំនាក់ទំនងប្រសើរឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានចូលរួមជំនួបកំពូលលើកទីពីរជាមួយលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ និងបន្តបំពេញដំណើរទស្សនកិច្ច តបតាមការអញ្ជើញពីប្រមុខរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង រហូតដល់រសៀលថ្ងៃសៅរ៍សប្តាហ៍មុននេះ និងទើបមកដល់កូរ៉េខាងជើងវិញនៅព្រឹកថ្ងៃអង្គារនេះប៉ុណ្ណោះ តាមរយៈខ្សែរថភ្លើងពិសេស៕