(វ៉ាស៊ីនតោន)៖ ក្រោយពីការប្រកាសដកខ្លួនពីសន្ធិសញ្ញា INF ទាំងសងខាងរួចហើយនោះ ប្រទេសរុស្ស៊ីបានប្រកាសព្រមានទុកជាមុនម្តងទៀតថា ខ្លួននឹងធ្វើការដាក់ពង្រាយគ្រាប់មីស៊ីលដែលអាចធ្វើការវាយប្រហារទ្វីបអឺរ៉ុបទាំងមូល បើសិនជាសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើការដាក់ពង្រាយមីស៊ីលដូចគ្នានេះ នៅលើទ្វីបអឺរ៉ុបចំពោះមុខទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ចំពោះមុខអនាគតនៃការរត់ប្រណាំងសព្វាវុធរវាងមហាយក្សយោធាសកលលោកទាំងឡាយ ដែលមិនអាចគេចផុត។ លោក Antonov បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធ INF និងការគ្រោងដាក់ពង្រាយគ្រាប់មីស៊ីលនៅលើទឹកដី សម្ព័ន្ធមិត្តនានារបស់ខ្លួននៅទ្វីបអឺរ៉ុបនោះ...»។
អគ្គរដ្ឋទូតរុស្ស៊ីបានសង្កត់ធ្ងន់បែបព្រមានយ៉ាងដូច្នេះថា «យើងនឹងត្រូវបង្ខំចិត្តឲ្យដាក់ពង្រាយមីស៊ីលរបស់យើង ហើយនៅពេលនោះអ្នកនឹងមើលឃើញថា ប្រទេសទាំងអស់នៅក្នុងទ្វីបអឺរ៉ុប នឹងត្រូវស្ថិតនៅក្នុងការតម្រង់ទិសរបស់យើង...»។ បន្ថែមពីនេះតំណាងរុស្ស៊ីបានអំពាវនាវផងដែរឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីងាកមកធ្វើការសហការគ្នា ដូចជាការទប់ស្កាត់អំពើភេរវកម្មជាដើម ហើយរុស្ស៊ីពិតជាស្វាគមន៍ចំពោះរឿងនេះ៕