(តូក្យូ)៖ តុលាការនៃទីក្រុងតូក្យូនាថ្ងៃអង្គារនេះ បានសម្រេចអនុញ្ញាតចំពោះសំណើសុំនៅក្រៅឃុំរបស់អតីតប្រធានក្រុមហ៊ុនផលិតរថយន្ត Nissan លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) បន្ទាប់ពីលោកបានចំណាយពេលជាង ១០០ថ្ងៃមកហើយនៅក្រោមការឃុំឃាំង ក្រោយត្រូវគេចាប់ខ្លួនជុំវិញបញ្ហាលុយកាក់របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Kyodo News នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
សំណើសុំឲ្យនៅក្រៅឃុំនេះត្រូវបានដាក់ទៅកាន់ តុលាការសង្កាត់មួយនៃទីក្រុងតូក្យូ Tokyo District Court កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយក្រុមមេធាវីថ្មីរបស់លោក Ghosn ខណៈប្រាក់តម្កល់មានទំហំ ១ពាន់លានយេន ឬស្មើនឹងជាង ០៩លានដុល្លារ។
ទោះជាបែបនេះក្តី ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូអាចប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការ ដែលបានអនុញ្ញាតឲ្យលោក Ghosn ឲ្យនៅក្រៅឃុំនេះបាន តែបើតុលាការទាត់ចោលការជំទាស់របស់ក្រុមរដ្ឋអាជ្ញានោះ លោក Ghosn នឹងមានសេរីភាពជាលើកដំបូង ចាប់តាំងតែពីការចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា លោក Ghosn ប្រឈមមុខការបទចោទប្រកាន់ចំនួន ០៣ករណី ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន Nissan ហើយលោកបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់៕