(វ៉ាស៊ីនតោន)៖ រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោង​លុបចោលលក្ខនិ្តកៈ​ពាណិជ្ជកម្ម​ពិសេសសម្រាប់ប្រទេស​ឥណ្ឌា ដែលជាគោល​នយោបាយធ្លាប់​អនុញ្ញាតឱ្យផលិតផល​មួយចំនួន​របស់មហាយក្សលេខ ២ នៃទ្វីបអាស៊ីមួយនេះ ចូលក្នុងសហរដ្ឋអាមេរិក​ដោយមិន​ជាប់​កតាព្វកិច្ច​បង់ពន្ធនោះ។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ការសម្រេច​ខាងលើរបស់​លោក ដូណាល់ ត្រាំ ធ្វើឡើងដោយលោកសំអាងថា រដ្ឋាភិបាលទីក្រុង​ញូដេលីបានបរាជ័យ​ក្នុងការ​អនុញ្ញាតឱ្យ ផលិតផលអាមេរិក​ចូលក្នុងទីផ្សារឥណ្ឌា​ ដោយស្មើភាព​ដូចដែលអាមេរិក​បានធ្វើ។ ប៉ុន្តែឥណ្ឌា​អះអាងថា ការលុបចោល​លក្ខនិ្តកៈពាណិជ្ជកម្ម​ជាពិសេស នឹងមិនធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ​របស់ខ្លួននោះ​ទេ ហើយម្យ៉ាងវិញ​ទៀតក្រៅតែពីឥណ្ឌា​សហរដ្ឋអាមេរិក​ ក៏បានប្រកាស​បញ្ចប់​លក្ខន្តិកៈពិសេស ដូចគ្នានេះ​សម្រាប់ប្រទេស​តួកគី​ផងដែរ។

គួរបញ្ជាក់ថា ការលុបចោល​លក្ខនិ្តកៈពាណិជ្ជកម្មពិសេស​ ចេញពីប្រទេសឥណ្ឌា និងតួកគី​ គឺជាការចាត់វិធានការចុងក្រោយ​បំផុតនៃ​រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ការធ្វើ ឬការអនុវត្តពណិជ្ជកម្ម​មិនត្រឹមត្រូវ ខណៈលោក ត្រាំ ផ្ទាល់បានសន្យាថា​នឹងកាត់បន្ថយ​ឱនភាពពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដទៃ៕