(គូឡាឡាំពួ)៖ ម៉ាឡេស៊ីបានក្លាយជាសមាជិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំពេលដែលប្រទេសមួយចំនួនបានសម្រេចដក និងបានបង្ហាញពីបំណងចង់ដកខ្លួនចេញពីស្ថាប័នយុត្តិធម៌នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានសិង្ហបុរី Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាតុលាការឧក្រិដ្ឋកម្មសង្រ្គាមអចិន្រ្តៃយ៍តែមួយគត់នៅលើពិភពលោក ដែលមានគោលដៅ ធ្វើការកាត់ក្តីទៅលើបទល្មើសអាក្រក់ៗបំផុត នៅពេលដែលតុលាការថ្នាក់ជាតិមិនអាចធ្វើបាន ឬក៏មានចង់ធ្វើ។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅនេះ តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅក្រុងឡាអេនេះ បានទទួលរងការរិះគន់ធ្ងន់ៗ ជុំវិញការសម្រេចចិត្តលើសំណុំរឿងធំៗ ខណៈប្រទេសមួយចំនួន រួមមានប្រជាជាតិអាហ្រ្វិកខាងកើត Burundi បានក្លាយជាប្រទេសដំបូងគេ ដែលបានដើរចេញពីស្ថាប័នយុត្តិធម៌អន្តរជាតិនេះនៅឆ្នាំ២០១៧ ហើយហ្វីលីពីនក៏បានប្រកាសពីបំណងចង់ដកខ្លួនផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន បានប្តេជ្ញាថា នឹងចូលជាសមាជិករបស់ ICC ហើយនៅពេលនេះរដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ក៏បានបញ្ជាក់ច្បាស់ថា ប្រទេសអាស៊ានមួយនេះ បានចុះហត្ថលេខាចូលជាសមាជិករបស់ ICC នៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានក្លាយជាសមាជិកទី ១២៤ នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គិតចាប់តាំងតែពីស្ថាប័ននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២៕